បរទេស៖ ក្រោយពេលធ្វើរដ្ឋប្រហារ និង រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយនៅតែមិនលុបបំបាត់ប្រជាប្រិយភាពរបស់លោកស្រី អ៊ុង សានស៊ូជី បានទៀត ក្រុមយោធាបានប្រឌិតបទល្មើសព្រហ្មទណ្ឌជាច្រើនករណី ដើម្បីជំរុញឲ្យលោកស្រី ជាប់គុក រយៈពេល១៥ឆ្នាំ។
បណ្តាញទូរទស្សន៍ជាតិ MRTV បានផ្សាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រី អ៊ុង សានស៊ូជី បំពានលើច្បាប់ ប្រឆាំងនឹងអំពើពុករលួយ។ ពួកយោធាបានចោទប្រកាន់លោកស្រី ចំនួន៤ករណី ក្រោយពេលធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយរបស់យោធា បានផ្សាយថា ប្រធានក្រុមហ៊ុនសាងសង់ Say Paing របស់លោក Maung Weik បានផ្តល់សំណូកជូនលោកស្រី អ៊ុង សានស៊ូជី នូវទឹកប្រាក់ចំនួន៥៥០ពាន់ដុល្លារអាមេរិក។ ប្រាក់ទាំងនោះបានផ្តល់ជូនលោកស្រី ចំនួន៤លើក ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ នៅក្នុងផ្ទះរបស់លោកស្រី អ៊ុង សានស៊ូជី។ ទោះជាយ៉ាងណា លោក Maung Weik បានលើកឡើងថា មិនមានសាក្សីណាមួយ នៅក្នុងការផ្ដល់សំណូកនោះដែរ។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រី អ៊ុង សានស៊ូជី អំពីចំណាយប្រាក់ជាច្រើនជួយដល់មូលនិធិ Daw Khin Kyi ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន រួមទាំងការជួលដីរដ្ឋ ធ្វើជាការិយាល័យរបស់មូលនិធិនោះថែមទៀតផង។ ក្រៅពីនេះ ពួកយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រី អំពីការបំពានច្បាប់នាំចេញ បំពានច្បាប់គ្រប់គ្រងគ្រោះអាសន្ន និងច្បាប់ទូរគមនាគមន៍ ។
រដ្ឋាភិបាលយោធា បានហាមប្រាមលោកស្រី អ៊ុង សានស៊ូជី ជួបជាមួយក្រុមមេធាវីរបស់លោកស្រី ពាក់ព័ន្ធនឹងករណីចោទប្រកាន់ខាងលើ។ ប៉ុន្ដែលោកស្រី បញ្ជាក់ថា ការចោទប្រកាន់ មិនមានភស្ដុតាងនោះឡើយ ហើយក៏ជាការប្រឌិតឡើង ដើម្បីជារឿងនយោបាយ៕