ខេត្តត្បូងឃ្មុំ ៖ សាលាបឋមសិក្សា បទស្លាស្នាម ស្ថិតនៅភូមិ បទស្លាស្នាម ឃុំ ពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានភ្លើងឆេះព្រៃ ឆេះរាល បណ្តាលអោយរោល ជញ្ជាំងសាលាបន្តិច បន្តួច នេះដោយសារតែអាជ្ញាធរ ចុះជួយអន្តរគមន៍ទាន់ពេលវេលា។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
ក្រោមការដឹកនាំបញ្ជា លោកឧត្តមសេនីយ៍ ត្រី ម៉ុន មាគ៌ា ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោយទទួលបាន ព័ត៌មានភ្លាម លោកវរសេនីយ៍ឯក សាំ ហេងអធិការនគរបាលស្រុកត្បូងឃ្មុំបានដឹកនាំ រថយន្តពន្លត់អគ្គីភ័យ ០៣គ្រឿង (រថយន្តស្រុកត្បូងឃ្មុំ ចំនួន ០១គ្រឿង ស្រុកអូរាំងឪ ចំនួន ០១គ្រឿង ក្រុងសួង ចំនួន ០១គ្រឿង) កម្លាំងនគរបាលស្រុកត្បូឃ្មុំ ស្រុកអូរាំងឪ ក្រុងសួង ប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីលាំង ថ្មពេជ្រ រួមនិងអាជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ ប្រជាការពារ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅក្បែរខាង ជួយអន្តរាគមន៍ ពន្លត់ទាន់ពេលវេលា មិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ដោយប្រើប្រាស់ទឹកអស់ ០៣ រថយន្ត ទើប រលត់ជាស្ថាពរ។
លោកឧត្តមសេនីយ៍ស្នងការ សូមសំណូមពរដល់ បងប្អូនប្រជា ក៏ដូចជាមន្ត្រីរាជការនានា សូមមេត្តាកាប់ឆ្ការព្រៃ វល្លិ៍ ឬសម្រាម ផ្សេងៗ ដែលដុះរំព័ទ្ធ ក្បែររបង អគារ មណ្ឌល ឬឃ្លាំង ជាដើម ត្រូវសម្អាតឱ្យអស់ ដើម្បីជៀសវាង ការឆេះឆ្លងរាលដាល ដល់លំនៅដ្ឋានទាំងនោះ ជាពិសេស ចំពោះអ្នកប្រើប្រើស់គ្រឿងចំហេះផ្សេងៗ ដែលអាចបង្កជា អគ្គិភ័យដោយសារការខ្វះសេចក្តីប្រុងប្រយ័ត្ន ៕