បរទេស៖ ក្រោយពេលពួកយោធាបានបង្រ្កាបយ៉ាងព្រៃផ្សៃទៅលើក្រុមបាតុករអហិង្សា បណ្ដាលឲ្យមនុស្សប្រហែលជិត២០០នាក់ស្លាប់ រហូតធ្វើពិភពលោកថ្កោលទោសនោះមក សម្ដេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១បានសម្ដែងការរន្ធត់ចិត្តយ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា ព្រះអង្គសុខចិត្តលុតជង្គង់ សុំឲ្យតែបញ្ឈប់នូវអំពើហិង្សា។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានផ្សាយថា សម្ដេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស បានអំពាវនាវសុំឲ្យមនាការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាបង្ហូរឈាមទៅលើប្រជាពលរដ្ឋ។ ព្រះអង្គបានអំពាវនាវចេញពីបន្ទប់បណ្ណាល័យរបស់ព្រះអង្គ ក្នុងបុរីវ៉ាទីកង់ ក្រោយពេលឃើញចំនួនបាតុករត្រូវបានសម្លាប់ នៅក្នុងការបង្រ្កាបពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានកើនលើស១៨០នាក់ហើយ ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋ និងមន្រ្ដីរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
សម្ដេចប៉ាប បានមានព្រះបន្ទូលថា៖ «ខ្ញុំពិតជាមានអារម្មណ៍សោកសៅបំផុត ចំពោះស្ថានការណ៍កំពុងរំជើបរំជួល នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាទីមានមនុស្សជាច្រើននាក់ ជាពិសេសយុវជនបានបាត់បង់ជីវិត នៅក្នុងគោលបំណងផ្ដល់ក្ដីសង្ឃឹមដល់ប្រទេសរបស់ពួកគេ។ ខ្ញុំសូមអំពាវនាវឲ្យបញ្ឈប់នូវអំពើហិង្សាបង្ហូរឈាមនេះជាបន្ទាន់ បើទោះជាខ្ញុំត្រូវលុតជង្គង់ ហើយយល់ព្រមបញ្ឈប់នូអំពើហិង្សាក៏ដោយ…»។
សម្ដេចសង្ឃកាតូលិក ដែលធ្លាប់យាងទៅបំពេញទស្សនកិច្ចមកកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧នោះ បានមានព្រះបន្ទូលបន្ថែមថា ការបង្ហូរឈាមមិនមែនជាមធ្យោបាយដោះស្រាយបញ្ហានោះទេ។ ប៉ុន្ដែផ្ទុយទៅវិញ វារឹតតែធ្វើឲ្យមានការបែកបាក់គួរឲ្យឈឺចាប់បំផុត ហើយវិធីសាស្រ្ដដ៏ល្អបំផុត មានកិច្ចសន្ទនាគ្នាប្រកបដោយភាពស្មោះត្រង់ទេ ទើបជាមធ្យោបាយដោះស្រាយបញ្ហា។
ប្រសិតអង្គការសហប្រជាជាតិ ប្រចាំ នៅប្រទេសមីយ៉ាន់ម៉ា បានថ្លែងថា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នោះមក កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បានបង្ក្រាបទៅលើក្រុមតវ៉ាគាំទ្រលទ្ធប្រជាធិបតេយ្យ បណ្ដាលឲ្យស្លាប់ជាង១៨០នាក់៕