បរទេស៖ ក្រោយពេលកម្លាំងយោធារបស់ចិន តែងតែបង្កើនសកម្មភាពទៅលើដែនអាកាស និងដែនទឹករបស់ខ្លួនជាញឹកញាប់នោះមក ធ្វើឲ្យរដ្ឋាភិបាលកោះតៃវ៉ាន់ ខិតខំប្រឹងប្រែងពង្រឹងកម្លាំងទ័ពរបស់ខ្លួន និងទិញគ្រឿងសព្វាវុធទំនើបៗពីសហរដ្ឋអាមេរិក សម្រាប់ទប់ទល់ការផ្ទុះសង្គ្រាមណាមួយ ដែលអាចកើតមានជាយហេតុជាមួយនឹងចិនប៉េកាំង។
រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ បានថ្លែង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ថា តៃវ៉ាន់កំពុងតែពង្រាយកងទ័ពរបស់ខ្លួន នៅតំបន់វិវាទ នៃសមុទ្រចិនខាងត្បូង។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកកបានបានយល់ព្រមលក់នូវគ្រឿងសឹកបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ យកមកបំពាក់នៅលើនាវាមុជទឹកថ្មីរបស់កងទ័ពតៃវ៉ាន់ផងដែរ។
លោក Chiu Kuo-cheng ទើបនឹងទទួលតំណែងជារដ្ឋមន្រ្ដីក្រសួងការពារជាតិតៃវ៉ាន់ បានថ្លែងទៅកាន់សភាថា តៃវ៉ាន់បានពង្រឹងកម្លាំងទ័ព និងគ្រឿងសព្វាវុធ នៅលើកោះ Itu Aba ដែលជាកោះមួយ ស្ថិតក្រោមការត្រួតត្រារបស់តៃវ៉ាន់ នៅក្នុងសមុទ្រចិនខាងត្បូង។ រីឯសហរដ្ឋអាមេរិក ក៏បានផ្តល់ការយល់ព្រមលក់ឧបករណ៍បច្ចេកវិទ្យាសំខាន់ៗ សម្រាប់បំពាក់នៅលើក្រុមនាវាមុជទឹកតៃវ៉ាន់ ដែលទើបនឹងផលិត នៅក្នុងស្រុក
រដ្ឋមន្រ្ដីក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា តៃវ៉ាន់បានទិញសព្វាវុធទំនើបៗជាច្រើនពាល់លានដុល្លារ ពីអាមេរិក ចាប់តាំងពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ហើយរហូតមកដល់ពេលស្ថិតក្នុងរដ្ឋបាលរបស់លោក ចូ បៃដិន ក៏មិនបានទទួលរងការប៉ះពាល់ដែរ។ កិច្ចព្រមព្រៀងទិញគ្រឿងសព្វាវុធ រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ នៅតែដំណើរ ដោយរលូនដដែល។
ទោះជាយ៉ាងណា រហូតមដល់ពេលនេះ ចិននៅតែចាត់ទុកតៃវ៉ាន់ ជាអាណាខេត្តមួយរបស់ខ្លួន ហើយចិនតែងតែបង្កើនសកម្មភាពយោធា ទាំងកងទ័ពជើងទឹក និងអាកាសរំលោភទៅលើដែនទឹក និងដែនអាកាសរបស់តៃវ៉ាន់ជាងញឹកញាប់។ សកម្មភាពយោធារបស់ចិន កំពុងព្យាយាមដាក់សម្ពាធទោលើរដ្ឋាភិបាលទីក្រុងតៃប៉ិ ឲ្យយល់ព្រមទទួលយកអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ប៉ុន្តែតៃវ៉ាន់នៅតែប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ថា ទោះជាត្រូវចំណាយប៉ុនណា និងមធ្យោបាយណាក៏ដោយ ត្រូវតែការពារដែនកោះមួយនេះឲ្យខាងតែបាន មិនឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ចិនប៉េកាំងនោះឡើយ៕