សៀមរាប ៖ ក្រោយមានបណ្តាញសង្គមហ្វេសប៊ុកបង្ហោះចែករំលែកនូវវីដេអូ ព្រះចៅអធិការវត្តរាជបូណ៌ ព្រះតេជគុណ ពិន សែម ដែលបានប្រើអំពើហិង្សា ទៅលើភិក្ខុនិងសាមណេរ ដោយប្រើនឹងរំពាត់ផ្តៅ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងនោះត្រូវបានសមត្ថកិច្ចចម្រុះខេត្តសៀមរាបចុះមកដល់វត្តដើម្បីសួរនាំ រឹបអូសយករំពាត់ផ្តៅ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តតទៅទៀត។
ចាស់ព្រឹទ្ធាចារ្យនៅវត្តរាជបូណ៌ ម្នាក់បានឲ្យដឹងថា ចំពោះករណីនេះតាមការសួរនាំសាមណេរ ទាំងនោះបានធ្វើខុសវិន័យជាច្រើនដងហើយច្បាប់ក្នុងវត្តបានដាក់ពិន័យដោយឲ្យព្រះសង្ឃដែលមានកំហុសទាំងបីអង្គនោះវាយម្ដងម្នាក់។ អញ្ចឹងហើយបានជាមានអាការៈ រាងធ្ងន់បន្តិច។
លោកតាបានប្រៀបធៀបថា ជាទូទៅសត្វជើងបួនតែងតែត្រូវបានគេយកមកប្រលែងចោលនៅក្នុងវត្តដោយមិនទុកនៅក្នុងផ្ទះទេខ្លាចចង្រៃ ទើបយកមកឲ្យព្រះសង្ឃមើលថែនិងប្រៀនប្រដៅ។ ចឹងហើយសិស្សក្នុងវត្តមួយចំនួនតូចក៏អាចមានបញ្ហាខ្លះដែរតែក្នុងវត្តរាជបូណ៌ មានវិន័យតឹងតែងមិនអាចអោយសិស្សផ្សេងៗធ្វើខុសច្បាប់ទម្លាប់បានឡើយ ទើបនៅក្នុងវត្តរាជបូណ៌មិនមានករណីក្មេងទំនើងនៅក្នុងវត្តឡើយ។
ចំណែកព្រះចៅអធិការវត្តរាជបូព៌ព្រះអង្គព្រះនាម ពិន សែន បានមានសង្ឃដីកាថា តាំងពីដើមមកក្នុងវត្តរាជបូណ៌តែងតែមានវិន័យតឹងតែងហើយការដាក់វិន័យតឹងតែងនេះគឺចង់ឲ្យភិក្ខុនិងសាមណេរទាំងនោះ មានភាពរីកចម្រើននិងបានយល់ដឹងពីផ្លូវព្រះធម៌បានល្អ។ ដូច្នេះហើយសូមញាតិញោមពុទ្ធបរិស័ទនានាតាមដានករណីនេះផងថា អាត្មាធ្វើត្រូវឬខុសព្រោះអាត្មាមិនមានបំណងអ្វីចង់ធ្វើបាបលោកនោះទេគឺចង់ឲ្យលោកមានការរីកចម្រើនតែប៉ុណ្ណោះ។
ពាក់ព័ន្ធករណីដែរ លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការខេត្តសៀមរាបបានឲ្យដឹងថា ករណីវាយធ្វើទារុណកម្មនេះត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចចុះមកដល់វត្តរាជបូណ៌ដើម្បីសួរនាំឲ្យដឹងសាច់រឿងទាំងសងខាង និងធ្វើកិច្ចសន្យាជាមួយព្រះចៅអធិការវត្តថាមិនឲ្យមានករណីបែបនេះតទៅទៀតនោះទេ។
គួរបញ្ជាក់ថាករណីផ្ទុះក្នុងបណ្ដាញសង្គម facebook កន្លងមកនេះថាមានករណីអំពើហិង្សានៅក្នុងវត្តរាជបូណ៌បានកើតឡើងកាលពីថ្ងៃថ្ងៃទី១៤ ខែមីនាឆ្នាំ២០២១ ស្ថិតក្នុងវត្តរាជបូណ៌ ដែលស្ថិតនៅភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ហើយជុំវិញសាច់រឿងនេះដែរ មហាជនខ្លះបានសម្ដែងការគាំទ្រចំពោះចំណាត់ការរបស់ព្រះចៅអធិការវត្តរាជបូណ៌ទៅលើព្រះសង្ឃដែលមិនគោរពវិន័យ។ រីឯមហាជនខ្លះទៀតបានរិះគន់យ៉ាងចាស់ដៃថាក្នុងនាមជាព្រះសង្ឃមិនគួរធ្វើទារុណកម្ម ហួសហេតុនិងហួសសម័យកាលហើយ ហើយវិន័យលោកនេនធ្វើខុសតើត្រូវតែវាយបែបនេះបានរួចទោសមែនទេ? សម័យនេះហើយមិនត្រូវធ្វើទារុណកម្មរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងបែបនេះឡើយ៕