(រ៉យទ័រ)៖ កម្លាំងសន្តិសុខបានសម្លាប់ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយ៉ាងតិច ២២ នាក់ នៅតំបន់ក្រីក្រជាយក្រុង Hlaingthaya នៃទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីរោងចក្រដែលផ្តល់ហិរញ្ញប្បទានដោយចិនត្រូវបានដុតនៅទីនោះ។ នេះបើតាមការឱ្យដឹងពីខាងក្រុមអ្នតស៊ូមតិ។
អ្នកតវ៉ា ១៦ នាក់ទៀត រួមទាំងមន្ត្រីនគរបាលម្នាក់ត្រូវបានសម្លាប់នៅកន្លែងផ្សេងទៀត ធ្វើឱ្យវាក្លាយជាថ្ងៃដ៏បង្ហូរឈាមបំផុតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ មក ដែលបាតុករបានតវ៉ាប្រឆាំងនឹងការទម្លាក់មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ដោយរបបសឹក។ នេះបើតាមការឱ្យដឹងពីខាងសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP)។
ខាងស្ថានទូតចិនបាននិយាយថា បុគ្គលិកចិនជាច្រើននាក់បានរងរបួស និងជាប់នៅក្នុងការវាយប្រហារដែលបានដុតដោយជនមិនស្គាល់អត្តសញ្ញាណមកលើរោងចក្រកាត់ដេរនៅតំបន់ Hlaingthaya ហើយថា ខ្លួនក៏បានអំពាវនាវដល់ប្រទេសមីយ៉ាន់ម៉ា ឲ្យការពារទ្រព្យសម្បត្តិ និងពលរដ្ឋចិនផងដែរ។ គួរបញ្ជាក់ថា ប្រទេសចិនត្រូវបានគេមើលឃើញថា បាននិងកំពុងគាំទ្ររបបយោធាដែលបានកាន់អំណាច ហើយការប្រឆាំងចិន ក៏បានកើនឡើងស្របគ្នានឹងការតវ៉ាចាប់តាំងពីរដ្ឋប្រហារដែលធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ក្នុងភាពច្របូកច្របល់។ ស្ថានទូតចិន ក៏បានពណ៌នាពីស្ថានភាពនេះថា ជារឿង “ធ្ងន់ធ្ងរណាស់” បន្ទាប់ពីមានការវាយប្រហារទៅលើរោងចក្រដែលផ្តល់ហិរញ្ញប្បទានដោយចិននេះ តែយ៉ាងណា វាមិនបានធ្វើសេចក្តីថ្លែងការណ៍អំពីការសម្លាប់នោះទេ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ខណៈពេលផ្សែងហុយចេញពីតំបន់ឧស្សាហកម្ម កម្លាំងកងសន្តិសុខបានបើកការវាយប្រហារទៅលើក្រុមអ្នកតវ៉ានៅជាយក្រុងនោះ ដែលជាកន្លែងសម្រាប់ជនចំណាកស្រុកមកពីទូទាំងប្រទេស។ អ្នកថតរូបព័ត៌មានម្នាក់នៅកន្លែងកើតហេតុដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “ស្ថានការពិតជាអាក្រក់ និងគួរឱ្យខ្លាចណាស់។ ខ្ញុំឃើញប្រជាជនត្រូវបានបាញ់សម្លាប់ផ្ទាល់នឹងភ្នែក វានឹងមិនអាចរលត់បាត់ពីការចងចាំរបស់ខ្ញុំបាននោះទេ”។ ប្រព័ន្ធផ្សព្វផ្សាយក៏បានឱ្យដឹងបន្ថែមថា ច្បាប់អាជ្ញាសឹក ត្រូវបានគេដាក់នៅតំបន់ Hlaingthaya និងសង្កាត់មួយទៀតនៃទីក្រុងយ៉ាំងហ្គនផងដែរ។
ចំណែកទូរទស្សន៍ Myawadday ដែលគ្រប់គ្រងដោយកងទ័ព បាននិយាយថា កម្លាំងសន្តិសុខបានធ្វើសកម្មភាពបន្ទាប់ពីរោងចក្រកាត់ដេរចំនួន ៤ និងរោងចក្រផលិតជីមួយត្រូវបានដុតបំផ្លាញចោល ហើយមនុស្សប្រហែល ២,០០០ នាក់បានរារាំងរថយន្តពន្លត់អគ្គីភ័យមិនឲ្យទៅដល់ទីនោះ។ ដោយឡែក ខាងអ្នកនាំពាក្យយោធា មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទដើម្បីស្នើសុំការអត្ថាធិប្បាយនោះទេ។
AAPP បានបញ្ជាក់ឱ្យដឹងថា ចំនួនសរុបនៃអ្នកតវ៉ាដែលបានស្លាប់ចុងក្រោយគឺមានរហូតដល់ទៅ ១២៦ នាក់ហើយ និងមនុស្សប្រមាណ ២,១៥០ នាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃសៅរ៍ យ៉ាងណាក៏ដោយ មានមនុស្សច្រើនជាង ៣០០ នាក់ត្រូវបានដោះលែងចាប់តាំងពីពេលនោះមក។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការដុតរោងចក្រនេះទេ៕ ប្រភព Reuters (https://www.reuters.com/article/us-myanmar-politics/at-least-39-reported-killed-in-myanmar-as-chinese-factories-burn-idUSKBN2B602C)