ម៉ូស្គូ ៖ យោងតាមការចុះផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ បានអោយដឹងថា ទីភ្នាក់ងារអវកាសរុស្ស៊ី បានប្រកាសពីការចុះកិច្ចព្រមព្រៀង សហការគ្នាជាមួយប្រទេសចិន ដើម្បីរៀបចំបង្កើតស្ថានីយស្រាវជ្រាវអន្តរជាតិនៅឋានព្រះច័ន្ទ។
ទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូសកូស្មូស (Roscosmos) បានបញ្ជាក់ថា «ស្ថានីយវិទ្យាសាស្រ្តអន្តរជាតិនៅឋានព្រះច័ន្ទនោះ នឹងជាមូលដ្ឋានពិសោធន៍ និងស្រាវជ្រាវ ដែលសាងសង់ឡើងនៅលើផ្ទៃព្រះច័ន្ទផ្ទាល់ ឬនៅគន្លងគោចររបស់ព្រះច័ន្ទ ឬមួយក៏អាចនៅលើផ្ទៃព្រះច័ន្ទផង និងនៅលើគន្លងអវកាសជុំវិញព្រះច័ន្ទផង»។ កិច្ចព្រមព្រៀងអភិវឌ្ឍស្ថានីយនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី និងប្រធានទីភ្នាក់ងារអវកាសចិន CNSA កំឡុងកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូ។
កាលពីអំឡុងឆ្នាំ២០១៩ រុស្ស៊ីក៏ធ្លាប់បានប្រកាសម្តងរួចមកហើយ អំពីគំរោងសាងសង់អគារស្នាក់នៅ និងពិសោធន៍នៅលើផ្ទៃព្រះច័ន្ទនៅទសវត្សរ៍ ២០៤០ ដោយការប្រើប្រាស់ធនធានលើព្រះច័ន្ទជាចម្បង។ ដោយឡែកសម្រាប់អង្គការ NASA របស់អាមេរិកវិញ ក៏កំពុងអភិវឌ្ឍគំរោង Artemis របស់ខ្លួនទៅមុខជាបណ្តើរៗផងដែរ តាមរយៈការត្រៀមបញ្ជូនមនុស្ស ទៅជាន់ដីព្រះច័ន្ទជាថ្មីនៅឆ្នាំ២០២៤ ព្រមទាំងរៀបចំបោះមូលដ្ឋានស្នាក់នៅ និងពិសោធន៍នៅទីនោះតែម្តង នៅប៉ុន្មានឆ្នាំបន្ទាប់៕