ខេត្តពោធិ៍សាត់ ៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានសម្រេចចេញបទបញ្ជាឲ្យ លោកវរសេនីយ៍ឯក នាង វុធ អធិការដ្ឋាននគរបាលស្រុកបាកានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ចុះបង្ក្រាបករណីសម្រួលផ្ដល់ទីតាំងរក្សាទុកជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យឈ្មោះ សឿន ចាន់ណាភេទប្រុសអាយុ ៣០ឆ្នាំ រស់នៅភូមិកោះអណ្ដែត ឃុំត្រពាំងជង ស្រុកបាកាន កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៥និង៥នាទីល្ងាច។
លោកអធិការ បានឲ្យដឹងថា ក្នុងករណីបង្ក្រាបនេះកម្លាំងនគរបាលបាន ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះសឿន ចាន់ណាភេទប្រុសអាយុ ៣០ឆ្នាំរស់នៅភូមិ ឃុំខាងលើ និងដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន៤១កញ្ចប់តូច ក្នុងនោះ១កញ្ចប់ធំ មានទម្ងន់សរុប១០.០៦ក្រាម, កាបូបស្ពាយស្រីពណ៍ខ្មៅ១ , ប្រអប់វ៉ែនតាដាក់ថ្នាំញៀន១,ប្រដាប់ជក់២កំប្លេរ,កន្ត្រៃ១,ក្បាល់រោលភ្លើងហ្គាស់១,ដែកកេះ៣,សំបក់ប្រដាប់វ៉ាស់កំដៅ៤,ទុយោរំលែកថ្នាំ១,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។
លោកអធិការបានបន្តថាជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទតាមនីតិវិធី៕