ភ្នំពេញ ៖ ក្រោយពីប្រព្រឹត្តកំហុសឆ្គង ទៅលើជនបរទេស ដើម្បីជាការកំសាន្តនិងសើចសប្បាយ ពេលនេះច្បាស់ជាសើចលែងសមហើយ ដោយសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារ រៀបចំសំណុំរឿងបញ្ជូន ក្មេងទំនើង ២នាក់ ដែលជិះម៉ូតូវាយក្បាលជនបរទេសពីក្រោយ នៅតាមបណ្តោយផ្លូវទន្លេសាប ត្រូវបានទៅតុលាការ នាម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ លឹម ហុងឡេង ស្នាក់នៅផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ និងម្នាក់ទៀតឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ភេទប្រុស ស្នាក់នៅផ្ទះជួល ផ្លូវវត្តចាស់ ភូមិ០១ សង្កាត់ជ្រោយចង្វារ អ្នកទាំងពីរ បានជិះម៉ូតូម៉ាក Mio ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1HK-2418 ធ្វើសកម្មភាពទះក្បាលជនបរទេសពីក្រោយ កាលពីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១។
តាមការសាកសួររបស់សមត្ថកិច្ច អ្នកទាំងពីរសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើហិង្សាវាយក្បាលលើជនបរទេស ដែលមិនស្គាល់អត្តសញ្ញាណកំពុងជិះកង់ពិតប្រាកដមែន កាលពីវេលាម៉ោង១៧:១០នាទី ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវទន្លេសាប៕