ភ្នំពេញ៖ យុវជនម្នាក់ ប្រើថ្នាំញៀនលើសកម្រិត បែកគំនិតយកដុំថ្មគប់គេ គំរាមប្លន់យកម៉ូតូ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃ៨មីនា ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សួន បញ្ញារិទ្ធ (ហៅ លុច) អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ រីឯជនរងគ្រោះមានឈ្មោះ ម៉ែន ប៊ុនលី ភេទ ប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១២៥ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១CX-៩៩៤៧ មកអង្គុយលេងនៅចំណុចកើតហេតុ។ ក្រោយមកជនសង្ស័យជាមនុស្សញៀនគ្រឿងញៀនខ្លាំង បានយកដុំថ្មគប់គំរាមជនរងគ្រោះប្លន់យកម៉ូតូ តែពុំត្រូវ ពេលនោះជនរងគ្រោះ និងមិត្តភក្តិភ័យក៏នាំគ្នារត់គេចចេញ ដោយពុំបាន ដកកូនសោចេញពីម៉ូតូទេ រួចជនសង្ស័យក៏បញ្ឆេះម៉ូតូជនរងគ្រោះជិះគេចខ្លួន។
បន្ទាប់មកជនរងគ្រោះស្រែកចោរៗ ខណៈសមត្ថកិច្ចកំពុងល្បាតក្បែរនោះ ក៏ជួយដេញតាមចាប់បានជនសង្ស័យនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារ អំពៅ និងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង ជារបស់ជនរងគ្រោះ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ ដើម្បីចាត់ការតាមច្បាប់៕