ខេត្តបាត់ដំបង ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងចាប់យកវត្ថុតាងមួយចំនួន។
លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើធ្វើឡើងកាលពីរសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖
១-ឈ្មោះ ពង់ ពល់ ភេទប្រុស អាយុ២៧ឆ្នាំ
២-ឈ្មោះ ពង់ ពៅ ហៅ ច្រិច ភេទប្រុស អាយុ២២ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ។
វត្ថុតាងដកហូតមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០១ថង់ទម្ងន់ ០,៧៥ក្រាម
-កាំភ្លើងខ្យល់ចំនួន០១ដើម
-កាំបិតចំនួន០១ និងសម្ភារៈប្រើប្រាស់អោយថ្នាំញៀនមួយចំនួនទៀត។
ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង រហូតមកដល់ថ្ងៃនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕