ខេត្តពោធិ៍សាត់ ៖ ស្រ្ដីមា្នក់បានចាយវាយលុយខ្ជះខ្ជាយ មិនដឹងមុខមាត់ រហូតអស់ពីខ្លួន ហើយខ្លាចប្ដីដែលខំប្រឹងរកលុយចិញ្ចឹមគ្រួសារ សួររកលុយកាក់ ក៏សុខចិត្តយកវត្ថុរឹងមកឆូតលើដៃជើង ហើយប្រឌិតទៅជារឿងចោរប្លន់ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកជិតខាង កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូល ថ្ងៃអាទិត្យ ទី៧ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន។
បើតាមកូនប្រុស និងប្អូនប្រុសរបស់ស្រ្ដីខាងលើ បានបញ្ជាក់ថា បន្ទាប់ក្រោកពីដំណេក ពួកគេបានឃើញស្រ្តីជាម្ដាយ និងបង មានសភាពជាប់ចំណង ទើបពួកគេរត់ទៅហៅពូ ដែលមានផ្ទះនៅក្បែរគ្នាឲ្យមកជួយ ហើយបញ្ជូនទៅសង្រ្គោះ នៅក្នុងមណ្ឌលសុខភាព។
លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ស្រ្តីដែលអះអាងពីករណីចោរចូលប្លន់នោះ ឈ្មោះ សារី យុន្នី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មានប្ដីឈ្មោះ កោរ វ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកស្នងការរង បានបន្ដថា ក្រោយពេលទទួលបានព័ត៌មានអំពីករណីលួចមានស្ថានទម្ងន់ទោស (ប្លន់យកលុយ និងមាស) បែបនេះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះទៅស្រាវជ្រាវ។ មុនដំបូង ស្រ្តីរូបនេះ បានអះអាងប្រាប់សមត្ថកិច្ចជំនាញថា មានជនមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ បានមកហៅប្ដីរបស់គាត់ឲ្យជួយជូនពួកគេទៅមើលម្ដាយឈឺ នៅក្នុងមន្ទីរពេទ្យ។ ឮដូច្នេះ គាត់បានបើកទា្វរចេញមកមើល ស្រាប់តែក្រុមចោរបានសម្រុកចូលមកធ្វើសកម្មភាពលើរូបគាត់។ បន្ទាប់មកក្រុមចោរបានកកាយយកលុយអស់ចំនួន១ ២០០ដុល្លារអាមេរិក ចិញ្ចៀនមាសទម្ងន់១ជី ខ្សែដៃប្លាទីន ទម្ងន់១ជីកន្លះ។
លោកស្នងការរង បានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចធ្វើការតាមជំនាញរបស់ខ្លួន ទើបដឹងថា ស្រ្ដីខាងលើ បានប្រឌិតរឿងចោរប្លន់ ខណៈប្ដីចេញទៅរកស៊ីបាត់។ ស្រ្ដីខាងលើបានខ្ញៅខ្លួនឯងឲ្យរយះដាច់សាច់ដៃសងខាងចេញឈាម ហើយយកខ្សែចងជើងទាំង២ ចងដៃឡើងលើទាំង២ និងយកក្រមារុំមុខ។ ការពិតរឿងរ៉ាវទាំងអស់ខាងលើ គឺគាត់ប្រឌិតឡើង ដើម្បីបំភាន់ភ្នែកប្ដី ព្រោះគាត់បានចាយវាយលុយទាំងនោះអស់ ដោយមិនដឹងមុខមាត់ ហើយខ្លាចប្ដីស្ដីបន្ទោស។
លោកស្នងការរង បានបន្ថែមថា ក្រោយពេលតាមទាន់ជាន់កែងហើយ ទើបស្រ្ដីឈ្មោះ សារី យុន្នី បានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ច។ ប៉ុន្ដែសមត្ថកិច្ចមិនបានដាក់ទោសពៃរ៍អ្វីដល់គាត់នោះឡើយ ដោយគ្រាន់តែអប់រំ និងឲ្យគាត់ធ្វើកិច្ចសន្យាត្រឹមត្រូវ កុំឲ្យពួកគាត់ឈ្លោះប្រកែកគ្នាបញ្ហាខាងលើបន្ដទៅទៀត៕