សម្តេចប៉ាប ហ្វ្រង់ស្វ័រ ប្រមុខសង្ឃកាតូលិក និងលោកអាយ៉ាតូឡា អាលី អាល់ស៊ីសតានី មគុរទេសន៍សាសនាអ៊ីស្លាមនិកាយឈីអ៊ីតដ៏សំខាន់ជាងគេបំផុតក្នុងលោក បានជួបពិភាក្សាគ្នាជាលើកទី១ នៅទីក្រុង Najaf ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃសៅរ៍ថ្ងៃទី ៦ មីនា ២០២១ ដែលមានរយៈពេលប្រមាណជា៥០នាទីដោយពុំមានវត្តមាន របស់អ្នកកាសែតនោះទេ ។
ជំនួបលើកទីមួយរវាងប្រមុខសាសនាទាំងពីនេះ ជាការជួបមុខគ្នាយ៉ាងសំខាន់ ដែលត្រូវបានគេមើលឃើញថា មានតម្លៃជានិម្មិតរូបធំធេងណាស់ ដើម្បីផ្ញើសារសន្តិភាព ប្រាប់ឲ្យមនុស្សឈប់ធ្វើសង្រ្គាមកាប់សម្លាប់គ្នា ដោយសារតែសាសនាតទៅទៀត ។ ការទៅដល់របស់សម្តេចប៉ាបប្រមុខសង្ឃកាតូលិក មានអត្ថន័យជានិម្មិតរូបមួយទៀត ដល់ទីក្រុងនេះ ថាជាទីក្រុងនៃសន្តិភាព នៃការយោគយល់ ស្រលាញ់រាប់អានគ្នា ក្នុងនាមជាមិត្ត ជាបងប្អូន ជាមនុស្សដូចគ្នា ទោះបីជាមានជំនឿសាសនាផ្សេងគ្នាក៏ដោយ ។
ថ្លែងក្នុងឱកាសនោះ សម្តេចប៉ាបប្រមុខសង្ឃកាតូលិក ព្រះអង្គបានអំពាវនាវ ឲ្យឈប់បែងចែងបក្សពួក បែងចែកសាសនា និងបំរើប្រយោជន៍បរទេសតទៅទៀត ហើយងាកមកគិតគូរ ពីសេចក្តីសុខ និង និងជីវភាពរស់នៅ របស់ប្រជាជនអ៊ីរ៉ាក់វិញ ។
ចំណែកលោកអាយ៉ាតូឡា អាលី អាល់ស៊ីសតានី បានថ្លែងអំណរគុណដល់សម្តេចប៉ាបហ្វ្រង់ស័រ ដែលបានធ្វើដំណើរស្កាត់មកជួបលោកដល់អ៊ីរ៉ាក់ និងពាំនាំមកនូវក្តីគោរព រាប់អាន ភាតរៈភាព ក្នុងនាមតំណាងឲ្យជំនឿសាសនាផ្សេងគ្នា ។ បន្ថែមពីលើនេះលោកមានសេចក្តីប្រាថ្នា ចង់ឲ្យអ្នកកាន់សាសនាគ្រិស្ត ដែលរស់នៅក្នុងប្រទេសអ៊ីរ៉ាក់ទាំងអស់ អាចរស់នៅដោយសុខសន្តិភាព មានសិទ្ធិសេរីភាព តាមរដ្ឋធម្មនុញ្ញ ដូចទៅនឹងប្រជាជនអ៊ីរ៉ាក់ដ៏ទៃផ្សេងទៀត ៕