សម្រាប់ រដ្ឋបាលថ្មីរបស់ សហរដ្ឋ អាមេរិក ដឹកនាំដោយ លោកចូ បៃដិន ចិនគឺជា គូប្រជែងដ៏គ្រោះថ្នាក់ និង ដ៏សំខាន់បំផុត នៅក្នុង វិស័យភូមិសាស្ត្រនយោបាយ ជាមួយ នឹងសហរដ្ឋអាេមរិក។ នេះគឺជាការលើកឡើង នៅក្នុងឯកសារផ្លូវការមួយ កម្រាស់២៤ទំព័រ ដែលបង្ហាញអំពីផែនការ យុទ្ធសាស្ត្រ ជាអាទិភាព ដើម្បីការពារសន្តិសុខជាតិ របស់ រដ្ឋបាល លោក ចូ បៃដិន។
ចិនគឺជាប្រទេសតែមួយគត់ ដែលអាចមានលទ្ធភាព ប្រណាំង ប្រជែង តទល់ ជាមួយ សហរដ្ឋអាមេរិក ដោយ បូកផ្សំ នូវអំណាចសេដ្ឋកិច្ច អំណាចការទូត យោធា និងបច្ចេកវិទ្យា នៅចំពោះមុខ ប្រព័ន្ធអន្តរជាតិដែលមានស្ថិរភាព និងបើកចំហរ។ » នេះគឺជាអ្វីដែលមានសរសេរ នៅក្នុងឯកសារ សន្តិសុខជាតិ របស់រដ្ឋាភិបាល លោកចូ បៃដិន។
មានសំណុំរឿងជាច្រើន ដែលចិន និង សហរដ្ឋអាមេរិក ប្រជែង ប្រឈមមុខដាក់គ្នា ក្នុងនោះមានដូចជា បញ្ហាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក របៀបធ្វើជំនួញ របស់ចិន បញ្ហាហុងកុង បញ្ហាតៃវ៉ាន់ និង ការ រំលោភសិទ្ធិមនុស្ស នៅ តំបន់ស៊ីនជាំងជាដើម។
នៅក្នុង សន្ទរកថាមួយ ថ្លែងនៅក្រសួងការបរទេស អាមេរិក លោក Antony Blinken ប្រមុខការទូតអាមេរិក បានលើកឡើងថា ទំនាក់ទំនងរបស់អាមេរិក ជាមួយនឹងចិន គឺថា ពេលណាត្រូវ សហការគឺសហការ ពេលណាត្រូវប្រកួតប្រជែងគឺត្រូវតែប្រកួតប្រជែង ហើយ ពេល ចាំបាច់ត្រូវតទល់ប្រឆាំង គឺត្រូវតែប្រឆាំង។ លោក ប្រមុខការទូតអាមេរិកថ្មីរូបនេះ បន្ថែមថា ការសន្ទនាជាមួយ ចិន គឺត្រូវតែធ្វើដោយ ឈរលើ តម្លៃ នៃមនសិការបស់អាមេរិក ដែលការពារលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ព្រោះថាបើអាមេរិកមិនធ្វើទេ នោះចិននឹងកាន់តែបានដៃ ធ្វើអ្វីតាមចិត្ត ដោយគ្មាននរណាហ៊ានចាប់ទោសកំហុសឡើយ ។
គួររំលឹកថា ទាក់ទិនគោលជំហរជាមួយ នឹងចិន រដ្ឋបាលលោកចូ បៃដិន ធ្លាប់បានបញ្ជាក់កន្លងមកហើយ ថា នឹង បន្តអនុវត្តបន្ទាត់នយោបាយ ដែល រដ្ឋបាល លោកដូណាល់ ត្រាំ បានកំណត់។ តែយ៉ាងណា លោកចូ បៃដិន បានសន្យាថានឹង លប់ចោលនូវ ទ្រឹស្តី America first របស់លោកដូណាល់ ត្រាំ ដោយ ធ្វើយ៉ាងណា ងាកមក ផ្តល់តម្លៃ ដល់ទ្រឹស្តីពហុភាគីនិយម ហើយ សហការឲ្យ បានច្រើន ជាមួយ សម្ព័ន្ធមិត្តរបស់អាមេរិក ដើម្បី ទប់ទល់ជាមួយ ចិន៕