បច្ចេកវិទ្យា : វិស័យ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត របស់សហរដ្ឋអាមេរិក មានការវិវឌ្ឍន៍យឺតយ៉ាវ ហើយអាច នឹងត្រូវចិននាំមុខ។ នេះគឺជាការលើកឡើង នៅក្នុងរបាយការណ៍មួយ របស់គណកម្មការ សន្តិសុខជាតិ ស្តីពី បញ្ញាសិប្បនិម្មិត។ របាយការណ៍ អះអាងថា បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតនេះ មាន សារៈសំខាន់ខ្លាំងណាស់ ទាំងក្នុងវិស័យសេដ្ឋកិច្ច និង វិស័យ សន្តិសុខ ហើយ សហរដ្ឋអាមេរិក ត្រូវតែចំណាយ ប្រាក់វិនិយោគបន្ថែម។
អាមេរិក ពុំទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការ ការពារខ្លួន ឬ ប្រកួតប្រជែងជាមួយ គេ ក្នុងវិស័យបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតទេ។ នេះគឺជាការលើកឡើង របស់គណកម្មការ សន្តិសុខជាតិស្តីពីបញ្ញាសិប្បនិម្មិត នៅថ្ងៃទី ២មីនា។
របាយការណ៍ កម្រាស់ ប្រមាណ ៧៥០ទំព័រនេះ បា នថ្អូញត្អែរថា អំណាចរដ្ឋបាលរបស់សហរដ្ឋ អាមេរិក មានការយឺតយ៉ាវណាស់ នៅក្នុង ការសម្រេចអនុញ្ញាត ផ្តល់ភ្លើងខៀវ ដល់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនីមួយៗ។ របាយការណ៍ បាន អំពាវនាវ ឲ្យ ចំណាយ ប្រាក់វិនិយោគ ឲ្យ បានច្រើនបំផុត មិនថាក្នុងការ បណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យនេះ និង ទៅ លើ គម្រោង នានា របស់សហគ្រាសបច្ចេកវិទ្យានេះ។ គណកម្ម ការដែលមានសមាជិក ១៥នាក់ មានអ្នកជំនាញ បច្ចេកវិទ្យា សាស្ត្រាចារ្យ និងនាយកក្រុមហ៊ុនធំៗ នេះ ក៏បាន លើកជាអនុសាសន៍ផងដែរ ថាអាមេរិក ត្រូវតែធ្វើយ៉ាងណា ដកខ្លួន ឲ្យ មាន ឯករាជ្យ ឈប់រំពឹងលើផលិត ផល គ្រឿងផ្សំ បច្ចេកវិទ្យា របស់ចិនតទៅទៀត។
លោក Eric Schmidt អតីត អគ្គនាយកក្រុមហ៊ុនGoogle ហើយ បច្ចុប្បន្នជាប្រធានគណកម្មការនេះ បានលើកឡើងនៅក្នុងលិខិតចំហរមួយថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលឈរលើមូលដ្ឋាននៃការ ប្រើ ប្រាស់ទិន្នន័យដ៏ធំមហាសាល គឺជា ឧបករណ៍ ដ៏មានអំណាច និងមាន អត្ថប្រយោជន៍ បំផុត សម្រាប់មនុស្សជាតិ។ ក៏ប៉ុន្តែ វាក៏ជាឧបករណ៍ សម្រាប់ ឈ្លបយកការណ៍ និងវាយប្រហារផងដែរ តាមរយៈសម្ភារៈ យានដ្រូន និង អាវុធ បំពាក់ដោយ បញ្ញាសិប្បនិម្មិត។
គណកម្មការសន្តិសុខជាតិស្តីពីបញ្ញាសិប្បនិម្មិត បាន អះអាងថា ការប្រកួតប្រជែង ដែលអាមេរិក អាចយកឈ្នះបាន គឺដោយ ស្ថិតនៅលើ តម្លៃមនសិកា នៃបច្ចេកវិទ្យារបស់អាមេរិក។ ខណៈដែល ចិនកំពុងតែបោះពួយ ទៅមុខ ក្នុងវិស័យបច្ចេកវិទ្យានេះ តែមនុស្សជាច្រើនមានការព្រួយ បារម្ភ និងភ័យខ្លាច ចំពោះភាព គ្មានគុណធម៌ នៃកម្មវត្ថុរបស់ចិន ។ ការដែលចិន ប្រើប្រាស់ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ដើម្បី បំរើដល់ការរិតត្បិតសេរីភាពបុគ្គល សិទ្ធិសេរីភាពបញ្ចេញមតិ នៅក្នុងស្រុក និង ការឈ្លបយកការណ៍ ក្រៅស្រុកផងនោះ គឺវា កូន ជញ្ជីងដែល ធ្វើឲ្យ សហរដ្ឋអាមេរិក ត្រូវតែយកមកថ្លឹង ដើម្បីប្រកួតប្រជែង។ បច្ចេកវិទ្យាអាេមរិក អាចនាំមុខបាន ល្គិកណា វា ផ្តល់អាទិភាព បម្រើដល់គុណ ប្រយោជន៍ នៃ មនុស្សជាតិ៕