ភ្នំពេញ ៖ សមត្ថកិច្ច និងមន្ត្រីជំនាញអន្តរក្រសួង ចុះឆែកឆេរ និងបិទទីតាំងឈប់ឲ្យធ្វើអាជីវកម្ម កែភេទទ្រង់ទ្រាយធំចំនួន២កន្លែងខុសច្បាប់ នៅក្នុងរាជធានីជ្រកក្រោមការកែសម្ផស្ស។ ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣ មីនា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ លោក មុត តារា ព្រះរាជអាជ្ញារាជធានីភ្នំពេញនិង អាជ្ញាធរមូលដ្ឋានផងដែរ។
សមត្ថកិច្ចបានអោយដឹងថា ទីតាំងទាំងពីរនោះមានឈ្មោះ GANGNAM BEAUTY & CLINIC ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងមួយកន្លែងទៀត មានឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដុកទ័រ កាង ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានឲ្យដឹងថា ការចុះឆែកឆេរនៅទីតាំងលួចកែភេទនេះ គឺបានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញធ្វើការស៊ើបអង្កេតឃើញថា ម្ចាស់ទីតាំងកែភេទនេះ បានលួចនាំឱសថខុសច្បាប់ជាច្រើនមកពីក្រៅប្រទេស ហើយបានលួចកែភេទបុរសទៅស្ត្រី ពីស្ត្រីទៅបុរសដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈការកែភេទនេះ គឺមានលក្ខណៈទ្រង់ទ្រាយធំផងដែរនោះ។
លោកបានបន្តថា ក្រោយចុះប្រតិបត្តិការ អាជ្ញាធរបានធ្វើការឃាត់ខ្លួន និងសួរចំលើយនូវម្ចាស់ទីតាំង ដែលជាជនជាតិវៀតណាម និងបុគ្គលជាខ្មែរ និងជនជាតិវៀតណាមមួយចំនួនផងដែរ ហើយអ្នកជាប់ពាក់ព័ន្ធ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់ផងដែរ៕