ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនឹងប្រុសស្រី៣នាក់ទៀត បើករថយន្តមួយគ្រឿង ចុះ ស្ពានអាកាសក្រោមដីរង្វង់ចោមចៅ ក្នុងល្បឿនលឿនហើយបួងចង្កូតក្រឡាប់ផ្ងារជើងច្រង៉ាងតែឯង សំណាងល្អដែរអ្នកបើកបរនិងអ្នករួមដំណើរមិនរងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២ ខែមីនាឆ្នាំ២០២១ នៅចំណុចស្ពានអាកាសក្រោមដីរង្វង់ចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត ម៉ាក មីតស៊ុយមីតស៊ី មួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AU-6908 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ ប្រុសស្រី៣នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត រួចបានចុះស្ពានអាកាសក្រោមដី រង្វង់ចោមចៅ ឆ្ពោះទៅផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿន លុះមកដល់ពាក់កណ្តាលស្ពាន ផ្លូវកោងមិនបង្អន់ល្បឿនក៏បួងចង្កូតក្រឡាប់ផ្ងារជើងច្រង៉ាងតែឯង សំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួស។ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានពិនិត្យនៅចំណុចទីតាំងកន្លែងកើតហេតុខាងលើដោយមិនមានប៉ះពាល់ដល់ស្ពាន ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្ដស្ទូចយកទៅជួសជុលដោយខ្លួនឯង៕