នាំស្រីក្មេងមកដេកដល់ផ្ទះ ប្រពន្ធទ្រាំលែងបានចាក់ប្តីស្លាប់
ខេត្តស្ទឹងត្រែង៖ បុរសម្នាក់មានប្រពន្ធ និងកូនទៅហើយ បែរជាទុកឲ្យតណ្ហាដឹកច្រមុះ ហ៊ាននាំស្រីក្មេងមកដេកដល់ផ្ទះ រហូតធ្វើឲ្យប្រពន្ធអត់ទ្រាំលែងបាន ក៏ផ្ទុះភ្លើងប្រចណ្ឌ ទាញកាំបិតចាក់ និងកាប់ប្រហារទៅលើ បណ្តាលឲ្យស្លាប់យ៉ាងអាណោអាធ័ម កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចវាលរំពេរ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលមានអំពើឃាតកម្មនោះ ជនរងគ្រោះតែងតែមានទំនាក់ទំនងជាមួយស្រីក្មេងជាច្រើននាក់នៅខាងក្រៅ។ ប៉ុន្ដែបើទោះជាប្តីក្បត់ចិត្តយ៉ាងនេះក្ដី ក៏ជនសង័្សយជាប្រពន្ធខំប្រឹងបៀមទុក្ខ និងការឈឺចាប់លាក់នៅក្នុងចិត្តដែរ ព្រោះមិនមានភស្ដុតាង ដាក់បន្ទុកលើប្តីកំហួច។
ប្រភពព័ត៌មានដដែល បានបន្តថា ក្រោយពេលឃើញប្រពន្ធមិនថាស្តីបែបនេះ ស្រាប់តែមកដល់ថ្ងៃកើតហេតុ បែរជាប្តីកំហួចលួចនាំស្រីក្មេងមកដេកដល់ផ្ទះ ធ្វើឲ្យប្រពន្ធកាន់តែឈឺចាប់ រហូតអត់ទ្រាំលែងបាន ចាក់ប្រហារទៅលើប្តីជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
មន្ត្រីនគរបាលស្រុកសេសាន បានឲ្យដឹងថា ជនសង័្សយជាប្រពន្ធឈ្មោះ ហួ តុំលីដា អាយុជាង៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ រីឯជនរងគ្រោះជាប្តី ឈ្មោះ ម៉ុល ចាន់ អាយុជាង៣០ឆ្នាំ រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើតាមការធ្វើកោសល្យវិច័យ សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះត្រូវប្រពន្ធចាក់ចំនួន ៣កាំបិត បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ។
ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពជូនទៅឪពុកម្តាយរបស់ជនរងគ្រោះ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកស្ត្រីដៃដល់ជាប្រពន្ធ ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី៕