រដ្ឋធានីវ៉ាស៊ីនតោន៖ អាជ្ញាធរអាមេរិកបានឃុំខ្លួនជនសង័្សយម្នាក់ ជាប់សង័្សយពីការផ្ញើកញ្ចប់មួយមានផ្ទុកសារធាតុ RICIN ដែលបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ជូនដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
បណ្ដាញផ្សព្វផ្សាយ NBC បានរាយការណ៍ថា ស្រ្ដីម្នាក់បានជាប់ការសង័្សយនឹងការផ្ញើសំបុត្រមួយច្បាប់ទៅជូនលោកប្រធានាធិបតី ត្រាំ ដោយនៅក្នុងស្រោមសំបុត្រនោះ មានផ្ទុកនូវសារធាតុពុលម្យ៉ាងឈ្មោះ RICIN ដែលអាចបង្កឲ្យមនុស្សស្លាប់បាន។ ស្រ្ដីសង័្សយរូបនោះត្រូវបានឃុំខ្លួន ដោយមន្រ្ដីគយ និងភ្នាក់ងារល្បាតតាមព្រំដែនរបស់អាមេរិក ខណ:នាងព្យាយាមឆ្លងដែន ចេញពីកាណាដា ចូលមកលើទឹកដីអាមេរិក។
ទោះជាយ៉ាងណា អាជ្ញាធរអាមេរិក មិនបានបញ្ជាក់អំពីអត្ដសញ្ញាណរបស់ជនសង័្សយនោះឡើយ។ លិខិតនោះត្រូវផ្ញើទៅឱ្យលោក ត្រាំ នៅឯសេតវិមាន ប៉ុន្តែមន្រ្ដីអនុវត្ដច្បាប់បានរារាំង។ បើតាមការពិនិត្យ គេរកឃើញថា នៅក្នុងស្រោមសំបុត្រនោះ មានផ្ទុក RICIN ជាសារធាតុពុលម្យ៉ាង អាចបណ្ដាលឲ្យមនុស្សស្លាប់បាន៕