ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា អគារលំនៅឋានមួយកន្លែង មានកម្ពស់៣ជាន់ បានរលំ ដោយបានសម្លាប់មនុស្សចំនួន១០នាក់ និងរាប់សិបនាក់ផ្សេងទៀតកំពុងកប់ នៅក្នុងគំនរបាក់បែកនោះ។ ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើង កាលពីព្រឹកព្រលឹម ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
ទីភ្នាក់ងារគ្រោះមហន្តរាយ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានមនុស្ស២៥នាក់ត្រូវគេជឿថា ជាប់នៅក្នុងគំនរបាក់បែកនោះ។
បណ្ដាញទូរទស្សន៍ បានផ្សាយថា ក្រុមសង្គ្រោះបានប្រើឆ្កែរុករកជនរងគ្រោះនៅក្នុងគំនរបាក់បែក នៃអគារ ដែលរលំនៅសង្កាត់បាយវ៉ាន់ ជាយក្រុងមុំបៃ។
គេហទំព័រ ANI បានដកស្រង់សម្តីអ្នកនាំពាក្យសង្កាត់បាយវ៉ាន់ឌី ដោយនិយាយថាមនុស្ស១០នាក់បានស្លាប់។ រីឯក្មេងម្នាក់ត្រូវបានជួយសង្គ្រោះ។
លោក សាតយ៉ា ប្រាដាន ប្រធានកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិបាននិយាយនៅក្នុងធ្វីតធឺថា មានមនុស្ស ចន្លោះពី ២០ ទៅ ២៥ នាក់កំពុងជាប់ក្នុងគំនរបាក់បែកហើយក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅធ្វើអន្តរាគមន៍ រុករកអ្នកបាត់ខ្លួន។
ការបាក់រលំអគារគឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌាជាពិសេសក្នុងរដូវភ្លៀងមូសុងដោយសារតែសំណង់ចាស់និងជារឿយៗជាសំណង់ខុសច្បាប់។ រីឯមូលហេតុនៃការរលំអគារខាងលើនេះ អាជ្ញាធរមិនទាន់បានបញ្ជាក់នៅឡើយ ព្រោះស្ថិតក្នុងការស៊ើបអង្កេត៕