ខេត្តស្វាយរៀង ៖ បុរសកំណាចម្នាក់បានវាយធ្វើបាបកូនស្រីរបស់ខ្លួនដូចសត្វ ហើយត្រូវបានលោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បញ្ជាឱ្យលោកនាយប៉ុស្តិ៍ច្រកម្ទេស ចុះទៅហៅជនបង្ក មកធ្វើកិច្ចសន្យានៅប៉ុស្តិ៍ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នោះ តែរហូតមកដល់ពេលនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ «Bee Nang Sad» បានបង្ហោះសារ កាលពីព្រឹក ថ្ងៃទី២១ ខែកញ្ញាថា៖ «ខ្ញុំសូមឲ្យអ្នកអនុវត្តច្បាប់ជួយរកយុត្តិធម៌ឲ្យប្អូនស្រីខ្ញុំផង»។ ដូច្នេះ សមត្ថកិច្ចមិនត្រូវបញ្ចប់ករណីនេះ ត្រឹមតែឱ្យជនបង្កធ្វើកិច្ចសន្យានៅប៉ុស្តិ៍នោះទេ គឺត្រូវតែកសាងសំណុំរឿងបញ្ជូនជននេះទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ បុរសម្នាក់នេះតែងបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសាមកហើយ។ នៅពេលគេមកពីផឹកស៊ីម្តងៗ តែងរករឿងប្រពន្ធ វាយធ្វើបាបប្រពន្ធ រួមទាំងកូន រហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន ទើបសម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ។ ឥឡូវនេះ គេធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបាន ព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុតាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ។ តើអំពើគាត់នេះ សមជាឪពុកគេទេ បងប្អូនជួយមើល ហើយគិតតាមការគួរផង»។
លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានថ្លែងថា ករណីនេះ បានកើតឡើង នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន។ ប៉ុន្ដែពេលនេះ លោកនាយប៉ុស្តិ៍ច្រកម្ទេសកំពុងសួរនាំបន្ត ដើម្បីចាត់ការតាមនីតិវិធី។
លោកអធិការ បន្តថា លោកបានបញ្ជាទៅលោកនាប៉ុស្តិ៍ច្រកម្ទេស ឲ្យចុះទៅដល់ផ្ទះរបស់គាត់ កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០យប់ ដោយជនបង្កធ្លាប់ហៅមកធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលច្រកម្ទេសម្ដងរួចហើយដែរ ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនបុរសកំណាចនោះ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមច្បាប់៕