រាជធានីបាងកក៖ ថ្វីត្បិតតែកន្លងមក រដ្ឋាភិបាលបានផ្ញើលិខិតកោះហៅសាកលវិទ្យាធិការ និងអ្នកគ្រប់គ្រងសាលានានា ឲ្យអប់រំសិស្ស បញ្ឈប់សកម្មភាពតវ៉ា ទាមទារឲ្យធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ និងរបបរាជានិយមក្ដី តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋ និងនិស្សិតថៃ នៅតែបន្ដធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាលដដែល។
បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានឲ្យដឹងថា ក្រុមអ្នកអ្នកតវ៉ាដឹកនាំដោយនិស្សិត សកម្មជននយោបាយ និងប្រជាពលរដ្ឋបាននាំគ្នាមកកាន់ទីលានសាណាមហ្លួង នៅជាប់ព្រះបរមរាជវាំង នៅកណ្ដាលរាជធានីបាងកក ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ ក្រុមអ្នកតវ៉ាបានអះអាងថា ពួកគេនឹងនៅទីនោះពេញមួយយប់ ហើយដង្ហែញត្ដិទៅកាន់ការិយាល័យរបស់រដ្ឋាភិបាល។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រុមអ្នកតវ៉ាបានប្រឆាំងនឹងរដ្ឋាភិបាល លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ ហើយទាមទារឲ្យលោកចុះចេញពីតំណែង។ ពួកគេរិះគន់ថា លោកបន្តកាន់អំណាចពីរដ្ឋាភិបាល យោធា ដោយសារតែរដ្ឋធម្មនុញ្ញគាំទ្ររបបយោធា និង រាជានិយមមួយ ដែលសរសេរឡើង ដោយក្រុមយោធា។
បាតុកម្មនេះដឹកនាំដោយក្រុមនិស្សិតឈ្មោះ រណសិរ្សធម្មាសាត និង បាតុកម្ម (UFTD) ។ ក្រុមបាតុករ ទាមទារឲ្យកែទម្រង់របបរាជានិយមដ៏ឥទ្ធិពលបំផុត នៅក្នុងប្រទេសថៃ។ រីឯបាតុកម្ម កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រុម UFTD នេះ បានដាក់សំណើសុំកែទម្រង់ចំនួន១០ ចំណុច រួមមាន កាត់បន្ថយថវិកា សម្រាប់ព្រះបរមរាជវាំង និង កុំលើកតម្កើងស្តេចហួសហេតុ។
ក្រុមនិស្សិតមកពីសាកលវិទ្យាល័យធម្មាសាត បានថ្លែងថា សំណើ១០ចំណុច នេះមានបំណងធ្វើឲ្យរបប រាជានិយមរឹងមាំ ទៅថ្ងៃអនាគត។ ប៉ុន្ដែសំណើនេះ បានបង្កឲ្យមានកំហឹង ក្នុងចំណោមក្រុមរាជានិយម ដែល ចាត់ទុករបបរាជានិយម ជាស្ថាប័នមិនអាចប៉ះពាល់បាន ។