រដ្ឋធានីប៉េកាំង៖ កងទ័ពរំដោះប្រជាជនចិន បានប្រកាសថា ខ្លួននឹងចូលរួមធ្វើសមយុទ្ធយោធាជាមួយនឹងរុស្ស៊ី ឈ្មោះ Caucasus 2020 ហើយសមយុទ្ធយោធានេះ គេរំពឹងថា នឹងមានប្រទេសចំនួន៩ចូលរួមផងដែរ។
ក្រសួងការពារជាតិចិន បានប្រកាស កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា កងទ័ពចិននឹងចូលរួម នៅក្នុងសមយុទ្ធជាយុទ្ធសាស្រ្ដមួយឈ្មោះ Caucasus 2020 ។ សមយុទ្ធនេះនឹងធ្វើឡើង នៅចន្លោះពីថ្ងៃទី២១-២៦ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងប្រទេសរុស្ស៊ី។ បើតាមកិច្ចព្រមព្រៀង រវាងចិន និងរុស្ស៊ី នោះ កងទ័ពរំដោះប្រជាជនចិន នឹងត្រូវបញ្ជូនទៅកាន់តំបន់ Astrakhan ប្រទេសរុស្ស៊ី សម្រាប់ត្រៀមខ្លួនចូលរួមការធ្វើសមយុទ្ធនេះ។
លោក Sergey Shoigu រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានថ្លែងថា ការធ្វើសមយុទ្ធយោធានេះ មានការចូលរួមពីកងទ័ពបរទេសជាច្រើនប្រទេស រួមមាន ប្រទេសអាម៉េនៀ (Armenia), ប៊ែឡារុស (Belarus), អ៊ីរ៉ង់(Iran), មីយ៉ាន់ម៉ា, ប៉ាគីស្ថាន និងមានប្រទេសជាច្រើនទៀត។ ការធ្វើសមយុទ្ធយោធានេះ នឹងមានកងទ័ពមកពីប្រទេសចំនួន៩ចូលរួម ហើយប្រទេសចំនួន៩ផ្សេងទៀត ក៏នឹងបញ្ជូនអ្នកសង្កេតរបស់ពួកគេ មកមើលផងដែរ៕