ខេត្តព្រះវិហារ៖ ស្រ្ដីម្នាក់ខឹងនឹងប្ដីផឹកស្រា ហើយវាយធ្វើបាបនាង ក៏លបទាញដំបងគ្រញូង វាយប្រហារទៅលើគាត់ បណ្ដាលឲ្យស្លាប់មួយរំពេច ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើឃាតកម្មនោះ ជនរងគ្រោះតែងតែផឹកស្រាជាប្រចាំ។ លុះពេលគេស្រវឹងក៏បង្កហិង្សាទៅលើប្រពន្ធជាញឹកញាប់។ ដោយសារតែទង្វើរបស់ជនរងគ្រោះជាប្ដី ទើបធ្វើឲ្យស្រ្ដីជាប្រពន្ធចងគំនុំគុំកួន ដក់ទុកនៅក្នុងចិត្ដ ជារៀងរហូតមក។ លុះមកដល់វេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ស្រាប់តែជនសង័្សយជាប្រពន្ធ បានទាញបន្ទះឈើគ្រញូងយ៉ាងធំមួយ វាយប្រហារទៅប្ដី បណ្ដាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម។ ប៉ុន្ដែជនសង័្សយបានកុហកសមត្ថកិច្ច ប្ដីរបស់នាងអាចមានទំនាស់ នៅក្នុងវង់ផឹកស៊ី ហើយត្រូវជនមិនស្គាល់អត្ដសញ្ញាណវាយសម្លាប់។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យដឹងថា ស្ត្រីសង័្សយ ឈ្មោះ វិន សែន អាយុ៣១ឆ្នាំ។ រីឯជនរងគ្រោះជាប្តី ឈ្មោះ ឆេន ធីម អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំ ខាងលើ។
លោកមេបញ្ជាការកងរាជអាវុធហត្ថ បានបន្ថែមថា ក្រោយពេលកើតហេតុភ្លាមៗនោះ សមត្ថកិច្ចនៅមិនទាន់ធ្វើសកម្មភាពអ្វី នាំឲ្យជនសង័្សយចាប់អារម្មណ៍នោះឡើយ ហើយទុកលទ្ធភាពឲ្យនាង រៀបចំធ្វើបុណ្យសពជូនប្ដីរបស់នាងឱ្យបានសព្វគ្រប់សិន។ ដោយសារករណីនេះ ដំបូងឡើយ ស្ត្រីសង័្សយបានភូតភរសមត្ថកិច្ចថា ប្ដីរបស់នាងមានរឿងជាមួយនឹងអ្នកផឹកស៊ីដូចគ្នា មិនដឹងមកពីណាពីណី ក៏ត្រូវគេវាយដំ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយក្រោយមកក៏ស្លាប់។ ប៉ុន្ដែរឿងនេះ សមត្ថកិច្ចគ្រាន់តែធ្វើជាជឿសិន តែសមត្ថកិច្ចបន្ដស្រាវជ្រាវ រហូតដឹងការពិត និងឈានដល់ការចាប់ខ្លួនជនសង័្សយតែម្ដង។
ស្រ្ដីសង័្សយ បានសារភាពក្រោយឃាត់ខ្លួនថា នាងពិតជាបានសម្លាប់ប្តីរបស់នាងពិតប្រាកដមែន។ ករណីនេះ ក៏ដោយសារតែនាងខឹងនឹងប្តី តែងតែផឹកស្រា និងប្រើអំពើហិង្សាមកលើរូបនាងជាច្រើនលើកច្រើន រហូតធ្វើឱ្យនាងចងជាំគំនុំគុំកួន ដក់នៅក្នុងចិត្ត។ ដោយសារតែភ្លើងគំនុំនេះ ទើបនាងស្វែងរកឱកាស សម្លាប់ប្តីរបស់នាង រហូតបានសម្រេចដូចបំណង។
ក្រោយពេលឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរួចមក សមត្ថកិច្ចកងរាជអាវុធហត្ថបានកសាងសំណុំរឿង បញ្ជូនជនសង័្សយទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕