រដ្ឋធានីប៉េរូត៖ អគ្គីបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅទីក្រុងកំពង់ផែសមុទ្រប៉េរូត នៃប្រទេសលីបង់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
បណ្ដាញទូរទស្សន៍ CNN បានផ្សាយ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ អគ្គីបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងកំពង់ផែក្រុងបេរូត (Beirut) ប្រទេសលីបង់។ រីឯហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់មានករណីផ្ទុះសារធាតុគីមី អាមម៉ូញ៉ូមនីត្រាត មានទម្ងន់២៧៥០តោន ដោយបានសម្លាប់មនុស្ស២០០នាក់ និងរងរបួសជាង៦០០០នាក់ ហើយអត់ទីជម្រកប្រហែល៣សែននាក់។
បើតាមប្រភពពីមន្រ្ដីយោធាលីបង់ បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បានចាប់ផ្តើមឆាបឆេះ ចេញពីឃ្លាំងស្តុកទំនិញមួយកន្លែង ដោយមានទាំងប្រេង និងសំបកកង់រថយន្ត ត្រូវបានគេរក្សាទុក នៅក្នុងកំពង់ផែទីក្រុងបេរូត។ ប៉ុន្ដែបើតាមព័ត៌មានបឋម គេមិនបានដឹងអំពីមូលហេតុ ហើយក៏មិនទាន់ដឹងអំពីចំនួនអ្នករងគ្រោះថ្នាក់នៅឡើយដែរ។
សូមជម្រាបថា ប្រទេសលីបង់ កំពុងប្រឈមនឹងវិបត្តិផ្ទួនៗ ទាំងនយោបាយ និងសេដ្ឋកិច្ច ហើយស្របគ្នានោះដែរ ក៏ជួបប្រទះនឹងករណីផ្ទុះសារធាតុគីមីយ៉ាងកក្រើក នៅក្នុងទីក្រុងកំពង់ផែសមុទ្របេរូត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០កន្លងមកនេះ។ ក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យមនុស្សយ៉ាងតិច២០០នាក់ស្លាប់ ជាង ៦ ០០០នាក់ រងរបួស និងពលរដ្ឋជាង ៣សែននាក់បាត់បង់ផ្ទះសម្បែង៕