រដ្ឋធានីអង់ការ៉ា៖ តុលាការប្រទេសតួកគី បានសម្រេចកាត់ទោសខ្មាន់កាំភ្លើងម្នាក់ ជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់យ៉ាងរង្គាល នៅភាគខាងជើងទីក្រុងអ៊ីស្ដាន់ប៊ុល (Istanbul) ដាក់គុកអស់មួយជីវិត ហើយអ្នករៀបចំគម្រោងត្រូវជាប់ពន្ធនាគារ រយ:ពេលជាង១៤០០ឆ្នាំ។
សារព័ត៌មាន BBC បានរាយការណ៍ថា ក្នុងសវនាការ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ តុលាការតួកគី បានសម្រេចផ្ដន្ទាទោសខ្មាន់កាំភ្លើងម្នាក់ ឈ្មោះ Abdulkadir Masharipov ជាជនជាតិអ៊ូបេគីស្ថាន ដាក់ពន្ធនាគារ អស់មួយជីវិត ពីបទបាញ់សម្លាប់យ៉ាងរង្គាល និងបទល្មើសជាច្រើនករណីទៀត។ ជនជាប់់ចោទ បានបាញ់វាយប្រហារទៅលើក្លឹបកម្សាន្ដរាត្រីមួយកន្លែង នៅភាគខាងជើង ទីក្រុងអ៊ីស្ដាន់ប៊ុល កាលពីអំឡុងឆ្នាំ២០១៧។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យមនុស្សចំនួន៣៩នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
បណ្ដាញផ្សព្វផ្សាយរបស់តួកគី បានឲ្យដឹងថា ក្រៅពីកាត់ទោសខាងលើនេះ ជនជាប់ចោទក៏នៅមានទោសជាច្រើនបទល្មើសបន្ថែមទៀត ដោយជាប់គុកសរុបចំនួន១៣៦៨ឆ្នាំ ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតលើមនុស្ស៧៩នាក់ និងបទកាន់កាប់អាវុធដោយខុសច្បាប់។
បើតាមទីភ្នាក់ងារព័ត៌មានតួកគី Anadolu បានចេញផ្សាយថា ជនរងគ្រោះ នៅក្នុងហេតុការណ៍នោះ រួមមានពលរដ្ឋអ៊ីស្រាអែល បារាំង ទុយនេស៊ី លីបង់ ឥណ្ឌា ប៊ែលហ្ស៊ិក ហ្ស៊កដានី និងអារ៉ាប់ប៊ីសាអូឌីត ។ ក្នុងចំណោមជនរងគ្រោះទាំងនោះ ខ្លះបាត់បង់ជីវិត និងរាប់សិបនាក់រងរបួស។ ដោយឡែក ក្រុមរដ្ឋអ៊ិស្លាម (IS) បានប្រកាសថា ខ្លួនជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារនោះ។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រៅពីនេះ តុលាការប្រទេសតួកគី ក៏បានកាត់ទោសបុរសម្នាក់ទៀត ឈ្មោះ Ilyas Mamasaripov ដាក់ពន្ធនាគារ រយ:ពេលជាង ១៤០០ឆ្នាំ ពីបទជួយរៀបចំគម្រោងបាញ់ប្រហារ និងសម្លាប់យ៉ាងរង្គាល។ ដោយឡែក ជនជាប់ចោទចំនួន៤៨នាក់ផ្សេងទៀត ក៏ត្រូវបានកាត់ទោសឱ្យជាប់គុក ដោយសារពួកគេជាសមាជិក នៃអង្គការភេរវកម្ម៕