រាជធានីបាងកក៖ រថយន្តកុងតឺន័រមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹង ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យអ្នកបើកម៉ូតូធ្លាក់ពីលើស្ពាន រងរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅលើស្ពានមួយកន្លែង តាមផ្លូវ Sukhumvit ស្ថិតក្នុងឃុំ Tamru ស្រុក Mueang Chonburi ខេត្ត Chonburi ប្រទេសថៃ។
មន្រ្ដីប៉ូលិសស្រុក Mueang Chonburi បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើង រវាងរថយន្ដ និងម៉ូតូ។ រីឯជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ Panna Saewang អាយុ១៩ឆ្នាំ ភេទស្រី រងរបួសធ្ងន់ធ្ងរ។ ចំណែកអ្នកបើករថយន្តដឹកទំនិញឈ្មោះ Somchai Komonhiran អាយុ៦១ឆ្នាំ។
អ្នកបើកបរថយន្ដ បានប្រាប់ប៉ូលិសថា មុនពេលកើតហេតុ គាត់បានបើករថយន្ដ ចេញពីខេត្ត Rayong ឆ្ពោះទៅកាន់ Petchaburi ។ លុះពេលគាត់បើករថយន្ដមកដល់ចំណុចកើតហេតុ ស្រាប់តែងងុយដេក ហើយលក់មួយភាំង ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បែបនេះកើតឡើង។
ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ ត្រូវគេបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ។ បន្ទាប់មក ប៉ូលិសថៃបន្តការស៊ើបអង្កេត ដើម្បីចាត់ការតាមនីតិវិធី៕