ខេត្តតាកែវ៖ មន្រ្ដីយោធាម្នាក់បានផ្ទុះភ្លើងប្រចណ្ឌ ស្ទុះទៅទាញពូថៅកាប់ប្រហារមកលើប្រពន្ធរបស់ខ្លួន ចំនួន៤ពូថៅ ហើយរត់ទៅចងកសម្លាប់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើឃាតកម្មនោះ ជនសង័្សយជាប្ដីតែងតែប្រចណ្ឌនឹងប្រពន្ធរបស់ខ្លួនជាមួយនឹងបុរសផ្សេង។ លុះមកដល់វេលាខាងលើ ស្រាប់តែបុរសជាប្ដីបានទាញពូថៅកាប់ប្រហារទៅលើប្រពន្ធ ចំនួន៤ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ។ ដោយឡែកបុរសជាប្ដីក៏បានរត់ទៅចងកនឹងចម្រឹងបង្អួច បណ្ដាលឲ្យបាត់បង់ជីវិត។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ជនសង័្សយជាប្ដីឈ្មោះ សែប បូណារ៉ា អាយុ៤៩ឆ្នាំ មុខរបរជាមន្រ្ដីយោធា បម្រើការងារនៅកងពលតូចលេខ៣១។អំពើឃាតកម្មនេះ កើតឡើង ដោយសារប្ដីប្រចណ្ឌប្រពន្ធ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញស្រុក និងនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចហើយធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះរៀបចំធ្វើបុណ្យតាមប្រពៃណី៕