រាជធានីភ្នំពេញ៖ បុរសកំណាចម្នាក់ កំពុងផឹកស៊ីជុំគ្នាយ៉ាងសប្បាយរីករាយ ស្រាប់តែផ្ទុះភ្លើងប្រចណ្ឌ ស្ទុះទៅចាក់សង្សារទាំងកម្រោល បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ហើយអារកខ្លួនឯង បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបុរីលឹមឈានហាក់ចម្ការដូង ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមានអំពើឃាតកម្មនោះ ជនសង័្សយបានព័ទ្ធវង់ផឹកស៊ីជាមួយនឹងស្រ្ដីរងគ្រោះជាសង្សារយ៉ាងសប្បាយរីករាយ។ លុះពេលផឹកស៊ីបានមួយសន្ទុះក្រោយមក ស្រាប់តែជនដៃដល់ទំនងជាផ្ទុះភ្លើងប្រចណ្ឌផង ក៏ស្ទុះទៅចាក់សម្លាប់សង្សា បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម រួចហើយអារកខ្លួនឯង បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាង រត់ទៅធ្វើអន្ដរាគមន៍ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ។
បើតាមព័ត៌មានបឋម ការចាក់សម្លាប់សង្សារ ហើយ អារកសម្លាប់ខ្លួនឯងនេះ គឺជនបង្កគ្រាន់តែដាច់បំពង់.ក មិនទាន់ស្លាប់ទេ ហើយត្រូវបានមិត្តភក្ដិ និងសាច់ញាតិបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។ ប៉ុន្ដែបើតាមការសាកសួរព័ត៌មានពីអ្នកជុំវិញ បង្ហាញថា ឃាតកម្មនេះអាចបណ្តាលមកពីភ្លើងប្រចណ្ឌ។
មន្រ្ដីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនដៃដល់ ឈ្មោះ ឯកឌៀវ វន្ថា អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះ
ឈ្មោះ វង្ស ម៉ាលីនដា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅអ្នកលឿង ខេត្តព្រៃវែង និងមានមុខរបរជាអ្នកលក់ឡេ តាមអនឡាញ។
ប្រភពព័ត៌មានដដែល បានបន្ដថា ជនដៃដល់ដែលចាក់សម្លាប់ខ្លួន តាមក្រោយមិនបានសម្រេចនោះ គឺគ្រាន់តែរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ រីឯដើមចម នៃអំពើឃាតកម្មនេះ ត្រូវបានគេសន្និដ្ឋានជាជំហានដំបូងថា អាចបណ្ដាលមកពីភ្លើងប្រចណ្ឌ។
ស្របគ្នានេះដែរ មិត្តភក្ដិរបស់នារីរងគ្រោះនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនដៃដល់ និងជនរងគ្រោះតែងតែឈ្លោះប្រកែកគ្នាជារឿយៗ ដោយសាររឿងប្រចណ្ឌ ព្រោះនារីរងគ្រោះមានសម្រស់ស្អាត ហើយជនដៃដល់មានការប្រចណ្ឌច្រើន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនកម្លាំងទៅកាន់មន្ទីរពេទ្យ ដើម្បីតាមឃ្លាំមើល ខ្លាចជនសង័្សយរត់គេចខ្លួនបាត់ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងតែបន្ដនីតិវិធីទៅលើជនដៃដល់៕