រដ្ឋធានីជេរូសាឡឹម៖ ប្រភពព័ត៌មានពីកងទ័ព បានឲ្យដឹងថា ក្រោយពេលជនជាតិប៉ាឡេស្ទីន វាយប្រហារ ដោយរ៉ុក្កែតទៅលើតំបន់ភាគត្បូង នៃប្រទេសអ៊ីស្រាអែល កងទ័ពអាកាស នៃប្រទេសនេះ ក៏បានទម្លាក់គ្រាប់បែក សងសឹកទៅលើតំបន់កាហ្សាស្ទ្រីព ( Gaza Strip) គ្រប់គ្រង ដោយក្រុមហាម៉ាស់ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា។
ប្រភពព័ត៌មានដដែល បានបន្ដថា ស្ថានការណ៍ចុងក្រោយ បានប្រែប្រួល ដោយសារអ៊ីស្រាអែល បានព្រមានអំពីសង្រ្គាម ប្រសិនបើក្រុមហាម៉ាស មិនអាចបញ្ឈប់ការបង្ហោះបាឡុងវាយប្រហារ ចូលទៅលើទឹកដីរបស់អ៊ីស្រាអែល។ ដោយឡែកក្រុមមន្ត្រីសន្តិសុខអេហ្ស៊ីប បានបិទទ្វារព្រំដែន រវាងភាគីទាំងពីរ ក្នុងគោលបំណងបញ្ចប់ការបំផ្ទុះអាវុធ ដែលបានកើតឡើង ក្នុងរយៈពេលជាងមួយសប្តាហ៍ នៃការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត និងកាំជ្រួច ចេញពីតំបន់ហ្គាហ្សា និងការសងសឹករបស់អ៊ីស្រាអែល នៅពេលយប់។
ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បានចេញសារព្រមានដល់ក្រុមហាម៉ាស់ ក្នុងអំឡុងពេលទៅសួរសុខទុក្ខដល់ក្រុមពន្លត់អគ្គិភ័យ នៅតាមព្រំដែនថា មន្ដ្រីទាំងនេះបានរងការបំផ្ទុះ ពីបាឡុងចំនួន៤០ បង្កឡើងដោយជនជាតិបាឡេស្ទីន កាលពីថ្ងៃទី១៨ ខែសីហា។ អំពើភេរវកម្ម ត្រូវបានគេប្រើប្រាស់ ដោយឧបករណ៍ទាំងនេះ។ ក្រុមហាម៉ាស់ នឹងដឹងថា នេះមិនមែនជាល្បែងលេងទេ ប៉ុន្ដែប្រសិនបើពួកគេនៅតែបន្ដធ្វើ ពួកគេនឹងជួបផលវិបាកអំពីសង្រ្គាមហើយ៕