ទីក្រុងប៉ាងកក៖ ទូកទេសចរណ៍ថៃមួយគ្រឿង ដឹកអ្នកទេសចរជាង១០០នាក់ ស្រាប់តែ ជួបនឹងគ្រោះថ្នាក់ លិចចូលទៅក្នុងទន្លេមេគង្គ បង្កឲ្យភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចថៃ ចេញទៅជួយអន្ដរាគមន៍ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅក្នុងស្រុកឈៀង សៀន (Chiang Sean) ខេត្ដ ឈៀងរ៉ៃ (Chiang Rai) ។
បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានផ្សាយថា កាលពីវេលាខាងលើនេះ មានទូកទេសចរណ៍មួយគ្រឿង បានលិចចូលទៅក្នុងទន្លេមេគង្គ នៅលើទឹកដីថៃ។ ប៉ុន្ដែភ្លាមនោះ ក្រុមសង្រ្គោះបន្ទាន់ មកពីអង្គភាពពិសេស នៃកងវរសេនាធំទ័ពសេះទី ២ និងកងវរសេនាធំទ័ពសេះទី៣១ រួមទាំង អាជ្ញាធរស្រុក ចេញទៅជួយអន្ដរាគមន៍។
ប្រភពព័ត៌មានដដែល បានបន្ដថា ទូកទេសចរណ៍ខាងលើ បានដឹកមនុស្ស រហូតដល់ជាង១០០នាក់។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ នៅក្នុងហេតុការណ៍នោះ មិនមានអ្នកណាម្នាក់ គ្រោះថ្នាក់នោះទេ។ ក្រោយពេលកើតហេតុ អ្នកភូមិ និងសមត្ថកិច្ចថៃ បានព្យាយាមយកទូកនោះមកឡើងលើច្រាំងវិញ តែដោយសារទូកនោះធ្ងន់ពេក ទើបមិនអាចយកបាន។
លោក Pakorn Suriwan អធិការនគរបាលស្រុកឈៀង សៀន បានប្រាប់អ្នករាយការណ៍ព័ត៌មានថា មន្រ្តីសង្គ្រោះ គ្រោងនឹងបូមទឹកចេញ និងប្រើប្រដាប់ស្ទូចទូកឡើងលើគោកវិញ៕