ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាចំនួន២ ដោយដាក់បម្រាម ប្រតិបត្ដិការជាមួយនឹងម្ចាស់ TikTok និងក្រុមហ៊ុនអ៊ិនធើរណេតយក្សចិន WeChat ហើយអាមេរិក បានចាត់ទុកថា ក្រុមហ៊ុនដ៏ធំរបស់ចិនទាំង២នេះ ជាការបង្កគ្រោះថ្នាក់ដល់សន្ដិសុខជាតិអាមេរិក។
មន្រ្ដីព័ត៌មានសេតវិមាន បានឲ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៧ ខែសីហា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្ដិចំនួន២ ដោយហាមឃាត់ក្រុមហ៊ុនអាមេរិក ធ្វើប្រតិបត្ដិការណាមួយជាមួយនឹងម្ចាស់របស់ TikTok App គឺ ByteDance បុត្រសម្ព័ន្ធ ក៏ដូចជា បណ្ដាញសង្គម WeChat ជាក្រុមហ៊ុនអ៊ិនធើរណេតយក្សរបស់ចិន Tencent និងបុត្រសម្ព័ន្ធ។ បទបញ្ជាទាំង២នេះ នឹងចាប់ផ្ដើមអនុវត្ដ ក្នុងរយ:ពេល៤៥ថ្ងៃ បន្ទាប់ពីបទបញ្ជាត្រូវប្រកាស។
កន្លងមក អាមេរិក បានចោទប្រកាន់ក្រុមហ៊ុន Huawei ថា បង្គាប់ទ្វារក្រោយ លួចយកការណ៍សម្ងាត់ទៅឲ្យរដ្ឋាភិបាលចិន។ ប៉ុន្ដែនៅពេលនេះ អាមេរិក បន្ដចោទប្រកាន់ Tik Tok App និង បណ្ដាញសង្គមរបស់ចិន WeChat របស់ក្រុមហ៊ុន Tencent ក៏ដូចជា ក្រុមហ៊ុនអ៊ិនធើរណេតយក្សរបស់ចិន និងបុត្រសម្ព័ន្ធ ជាការគំរាមកំហែងដល់សន្ដិសុខជាតិរបស់អាមេរិក។ ដោយសារតែការចោទប្រកាន់បែបនេះ ទើបប្រធានាធិបតីអាមេរិក ចេញបទបញ្ជាហាមឃាត់ប្រតិបត្ដិការជាមួយនឹងក្រុមហ៊ុនខាងលើ និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនទាំងនេះ៕