ខេត្តស្វាយរៀង: បុរសម្នាក់ឃើញអ្នកគ្រូពេទ្យស្អាត តែងតែខំព្យាយាមតាមចែចង់ លុះនាងមិនព្រមស្រឡាញ់ ក៏ចងគំនុំគំកួន តាមចងអាឃាត រហូតស្ទាក់វាយប្រហារ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី៦ ខែសីហាឆ្នាំ២០២០ នៅក្នុងភូមិតាត្រាវ ឃុំ កំពង់ត្រាច ស្រុករមាសហែក។
មន្រ្ដីនគរបាលស្រុករមាសហែក បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ព្រាប ភារម្យ អាយុ២៩ឆ្នាំ រស់នៅភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ រីឯនារីរងគ្រោះ ឈ្មោះ ម៉ី សេរី អាយុ២៨ឆ្នាំ មុខរបរជាគ្រូពេទ្យ បម្រើការងារ នៅក្នុងមន្ទីពេទ្យបង្អែកស្រុករមាសហែក រស់នៅភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក។
ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នាងបានជិះម៉ូតូ ចេញពីកន្លែងធ្វើការ នៅមន្ទីរពេទ្យបង្អែក ស្រុករមាសហែក ក្នុងគោលបំណង វិលត្រឡប់ទៅផ្ទះវិញ ដូចសព្វមួយដង។ លុះពេលនាងធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ ដែលរស់នៅក្នុងភូមិជាមួយគ្នា។ ភ្លាមៗនោះ ជនសង័្សយក៏បានតាមសុំសេចក្ដីស្នេហាពីនាង តែនាងបដិសេធ។
ជនរងគ្រោះ បានបន្ដថា ខណ:នោះ ស្រាប់តែជនសង័្សយបានខឹងសម្បាយ៉ាងខ្លាំង ហើយជិះម៉ូតូមកអែបជិតនាង។ បន្ទាប់មក ជនសង័្សយបានស្ទុះមកវាយនាង ចំនួនមួយដៃ ហើយជិះម៉ូតូរបស់គេ បំបុកម៉ូតូរបស់នាងឲ្យដូល រួចហើយចាប់ច្របាច់កនាង និងអូសទៅខាងត្បូងថ្នល់ និងវាយនាងជាច្រើនដៃបន្ថែមទៀត។
ជនរងគ្រោះ បានបន្ដថា ស្ថិតក្នុងស្ថានភាពបែបនេះ នាងក៏បានសំពះអង្វរករទៅជនសង័្សយ ទើបគេឈប់វាយនាង។ ក្រោយមក នាងក៏បានទៅដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចមូលដ្ឋាន និងឃាត់ខ្លួនជនសង្ស័យមកសាកសួរតែម្ដង។
ដោយឡែកជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រើហិង្សាប្រាកដមែន។ តាមចម្លើយខាងលើនេះ ទើបសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់៕