មន្ត្រីជំនាញបានអះអាងថា ការបញ្ចប់ ឬលុបចោលសន្ធិសញ្ញា New Start ដែលជាកិច្ចព្រមព្រៀងចូលជាធរមានចុងក្រោយ នៃប្រព័ន្ធសន្តិសុខ និងគ្រប់គ្រងគ្រឿងសព្វាវុធអន្ដរជាតិនេះ នឹងបង្កគ្រោះមហន្ដរាយដោយសារនុយក្លេអ៊ែរ នៅលើពិភពលោក។
លោកឧត្ដមសេនីយ៍ Andrey Sterlin និងអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃបណ្ឌិត្យសភាយោធារុស្ស៊ី បានសរសេរ នៅក្នុងអត្ថបទរបស់ខ្លួនថា ការបញ្ចប់សន្ធិសញ្ញា New Start (សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ដ) នេះ អាចនាំឲ្យអាមេរិក ផលិតអាវុធយុទ្ធសាស្រ្ដ ដែលមិនអាចគ្រប់គ្រងបាន។ ដូច្នេះបញ្ហានេះនឹងនាំឲ្យសន្ដិសុខរបស់ពិភពលោក ធ្លាក់ចូលទៅក្នុងគ្រោះមហន្ដរាយ។
មន្រ្ដីជំនាញជាច្រើនបានសង្កត់ធ្ងន់ថា សន្ធិសញ្ញានេះដែលនឹងផុតកំណត់ នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២១នេះ គឺជាកិច្ចព្រមព្រៀងចុងក្រោយ ស្ដីអំពីសន្ដិសុខ និងប្រព័ន្ធគ្រប់គ្រងគ្រឿងសព្វាវុធអន្ដរជាតិ។ ការលុបចោលនូវកិច្ចព្រមព្រៀងនេះ នឹងអាចបើកផ្លូវឲ្យអាមេរិក ផលិតសព្វាវុធយុទ្ធសាស្រ្ដ ដែលមិនអាចគ្រប់គ្រងបាន។ ការបញ្ចប់សន្ធិសញ្ញានេះក៏នឹងនាំឲ្យពិភពលោក ត្រូវប្រឈមនឹងគ្រោះមហន្ដរាយ ដោយសារអាវុធនុយក្លេអ៊ែរថែមទៀតផង។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ អាមេរិកបានច្រានចោលចំពោះការលើកឡើងខាងលើនេះ។
មន្រ្ដីជំនាញគ្រឿងសព្វាវុធ បានបញ្ជាក់ទៀតថា ប្រសិនបើសន្ធិសញ្ញានេះត្រូវបានបញ្ចប់នោះ ស្ថានការណ៍នយោបាយ និងយោធា អាចនឹងកាន់តែស្មុគស្មាញឡើងបន្ថែមទៀត។ រីឯអាមេរិក ក៏នឹងអាចផលិតអាវុធយុទ្ធសាស្រ្ដរបស់ខ្លួន ដែលមិនអាចគ្រប់គ្រងបាន។ នេះជាផ្លូវប្រកបដោយគ្រោះថ្នាក់បំផុត ព្រោះបញ្ហានេះធ្លាប់កើតឡើងម្ដងរួចមកហើយ ដូចកាលពីអំឡុងពាក់កណ្ដាលសតវត្សទី២០អ៊ីចឹង។ រីសន្ដិភាពរបស់ពិភពលោកនឹងធ្លាក់ នៅក្នុងគ្រោះមហន្ដរាយដោយសារអាវុធនុយក្លេអ៊ែរ៕