មជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិរុស្ស៊ី បានរាយការណ៍ កាលពីថ្ងៃទី៤ ខែសីហា ថា យន្ដហោះចម្បាំងប្រភេទ MiG-31បានដេញស្ទាក់យន្ដហោះឈ្លបយកការណ៍របស់ប្រទេសន័រវែស នៅលើដែនទឹកអព្យាក្រិត នៃដែនសមុទ្របារ៉ែន (Barents)។ នេះបើតាមសារព័ត៌មាន Tass ចេញផ្សាយ កាលពីថ្ងៃទី៤ ខែសីហា ។
មជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិរុស្ស៊ី បានថ្លែងថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានចាប់គោលដៅនៅលើអាកាស នៃដែនទឹកអព្យាក្រិត ចូលមកជិតព្រំដែនរបស់រុស្ស៊ី។ ប៉ុន្ដែភ្លាមៗ យន្ដហោះចម្បាំងប្រភេទ MiG-31 របស់កងទ័ពជើងអាកាស មកពីអង្គភាពភាគខាងជើង បានចេញប្រតិកម្ម រារាំងយន្ដហោះឈ្លបយកការណ៍របស់ប្រទេសន័រវែស ប្រភេទ Falcon 20 ចេញទៅរារាំង។
ប្រភពព័ត៌មានដដែល បានបន្ដថា នៅក្នុងហេតុការណ៍នោះ អាកាសយានិករបស់រុស្ស៊ី បានបើកយន្ដហោះចូលទៅកាន់គោលដៅ នៅក្នុងចម្ងាយមួយប្រកបដោយសុវត្ថិភាព។ រីឯយន្ដហោះដែលហោះចូលមកជិតព្រំដែនរបស់រុស្ស៊ីនោះ ជាយន្ដហោះឈ្លបការណ៍របស់ប្រទេសន័រវែស ប្រភេទ Falcon 20 ៕