ភ្នំពេញ ៖ កីឡាករ ម៉ុន វ៉ាន់ដា ខ្សែប្រយុទ្ធវ័យក្មេង ដែលរួមចំណែកជួយក្រុមបឹងកេត លើកពានសម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកដំបូងកាលពីឆ្នាំ២០១៩ ប្រឈមត្រូវអវត្តមានជួយក្រុមរហូតដល់ចប់រដូវកាល ឆ្នាំ២០២០ បន្ទាប់ពីរងរបួសដាច់សរសៃកជើងឆ្វេង កាលពីពេលថ្មីៗ។
តាមការបញ្ជាក់លើគេហទំព័រផ្លូវការរបស់ក្លិប កំពុងឈរលេខរៀងទី៣៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ បានអះអាងថា កីឡាករ វ៉ាន់ដា នឹងត្រូវសម្រាករយៈពេលចន្លោះពី៤ទៅ ៦ខែ ហើយត្រូវវះកាត់កជើង ដែលបច្ចុប្បន្ន ក្លិបកំពុងធ្វើការទាក់យករូបគេ ទៅព្យាបាលនៅប្រទេសវៀតណាម។
ជាមួយការប្រឈមត្រូវអនុវត្តមាន រហូតចប់រដូវកាលនេះ ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ បានសម្ដែងការសោកស្ដាយជាខ្លាំង ។ វ៉ាន់ដា និយាយថា «ខ្ញុំពិតជាស្តាយឱកាសមែនទែន ដោយសារឆ្នាំនេះខ្ញុំមានឱកាសបង្ហាញខ្លួនច្រើនអញ្ចឹង ដល់ពេលដែលហាត់មិនទាន់បានលេងផង ក៏មានបញ្ហារបួសទៅវិញ»។
ចំពោះរបួសដាច់សរសៃកជើងឆ្វេងរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានកើតឡើងអំឡុងពេលហ្វឹកហាត់ មុនការប្រកួតសប្ដាហ៍ទី៦ រវាងក្លិបបឹងកេត និងក្លិបសូលទីឡូអង្គរ កាលពីពេលថ្មីៗ ។ ប៉ុន្ដែមុនរងរបួស រូបគេក៏បានរួមចំណែកជួយក្រុមច្រើនដែរ ដូចជាការប្រកួតទល់នឹងក្រុមអង្គរថាយហ្គឺរ និងក្រុមនគរបាលជាតិជាដើម។
គួរដឹងថា ម៉ុន វ៉ាន់ដា បានចូលលេងឲ្យបឹងកេតកាលពីឆ្នាំ២០១៨។ បន្ទាប់មកគេបានអភិវឌ្ឍន៍សមត្ថភាពជាបន្ដបន្ទាប់ ដើម្បីសម្រេចក្ដីស្រម៉ៃរបស់ខ្លួន ដែលចង់ល្បីដូច ចាន់ វឌ្ឍនាកា។ តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រស្គាល់ វ៉ាន់ដា កាន់តែច្រើន គឺក្នុងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំមុន ក្រោយរូបគេរកបាន ១គ្រាប់ ដែលជាការរួមចំណែកបង្កើតឱកាសឲ្យក្លិបលើកពានជាប្រវត្តិសាស្ដ្រតែម្ដង៕