បាត់ដំបង ៖ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ នៅចំណុចភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ជនសង្ស័យចំនួន២នាក់ ដែលជាមុខញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនព្រមទាំងបានដកហូតវត្ថុតាងមួយចំនួនផងដែរ។ប្រតិបត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ឈ្មោះ ហូត សាវី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
វត្ថុតាងកនុងការឆែកឆេរបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន ៨ថង់ ទម្ងន់ ២៣៣,៧២ក្រាម ទូរស័ព្ទដៃចំនួន ១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ១គ្រឿង និងថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ ព្រមទាំងសម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ឆ្លងតាមរយៈការស្រាវជ្រាវនិងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ នៅថ្ងៃដដែលសមត្ថកិច្ចបានបន្តឃាត់ខ្លួនមុខសញ្ញាជាបក្សពួកម្នាក់ទៀតឈ្មោះ សេង សុវណ្ណារ៉ា ហៅទូ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយដកហូតបានអាវុធខ្លី(បាញ់គ្រាប់ជ័រប្រើហ្កាស)ចំនួន២ដើម ទូរស័ព្ទដៃចំនួន១គ្រឿង និង សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ជនសង័្សយ និងវត្ថុតាងមន្រ្តីក្នុងការិយាល័យនេះកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕