រង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ។ ព្រះថោងនាងនាគ បែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ។រូបសំណាក “ព្រះថោងនាងនាគ” ដែលជានិមិត្តរូបមួយក្នុងចំណោមនិមិត្តរូបចំនួន៤ របស់ក្រុងព្រះសីហនុ បានលេចចេញជារូបរាងហើយ ក្នុងការត្រៀមដាក់តាំងបង្ហាញនៅក្នុងទឹកដីក្រុងព្រះសីហនុ ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុដ៏មានប្រជាប្រិយរូបនេះ ។រូបសំណាក ព្រះថោងនាងនាគ មានកម្ពស់ ២១ម៉ែត្រ កំពុងដំឡើងនៅចំណុចរង្វង់មូលក្រោមគម្រោងសាងសង់ផ្លូវ ៣៤ខ្សែ និងការកសាងរូបសំណាកដែលជានិមិត្តរូបរបស់ក្រុងព្រះសីហនុ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩មកម្ល៉េះ។
នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជំទាវអ៊ូ ធីតាពៅ បានចុះពិនិត្យ ហើយលោកជំទាវបានឲ្យដឹងនៅលើបណ្ដាញសង្គមផងដែរថា៖ «ឱណាអោបងព្រះថោង បងតោងអោយជាប់ ! ដូនតាយើងបានវិលត្រឡប់មកដល់ទឹកដីកំណើតហើយ ទឹកដីសក្តិសិទ្ធិដែនដីមហានគរខ្មែរយើង»សូមជម្រាបថា ក្រៅពីរូបសំណាក ព្រះថោងនាងនាគ ក្រុមការងារ ក៏នឹងសាងសង់រូបសំណាកចំនួន០២ទៀតតាមការគ្រោងទុកដែលជានិមិត្តរូបរបស់ខ្លួន ពោលគឺ សីហរាជមុខបី និង ព្រះសិវៈ នៅក្រុងព្រះសីហនុ។ ដោយបច្ចុប្បន្ននេះ ក្រុងព្រះសីហនុ មានរូបសំណាក តោញីឈ្មោល១គូ រួចទៅហើយ៕