ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល១រសៀល ស្ត្រីម្នាក់ឈ្មោះ សុខ ម៉ារ៉ាឌី អាយុ២៧ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ ពីករណីជនសង្ស័យ៣នាក់ បានយកកាំបិតភ្ជង់ប្លន់យកទូរស័ព្ទដៃ១គ្រឿងម៉ាកអាយហ្វូន ៨ Plus ពណ៌មាស ។ហេតុការណ៍ប្លន់ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ វេលាម៉ោងប្រមាណ២និង៣០នាទីរំលងអធ្រាត្រ នៅចំណុចច្រកជណ្ដើរផ្ទះលេខ ៦៦E២ ផ្លូវលេខ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
ក្រោយពីបានទទួលបានពាក្យបណ្ដឹងនេះ សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមាន ៖
១-ឈ្មោះ ធី ពៅ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៦E៤ ផ្លូវលេខ ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ។
២-ឈ្មោះ ឡុង តាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវលេខ ៨១ ភូមិ៨ សង្កាត់ផ្សារថ្មីទី២ ។
៣-ឈ្មោះ ឡុង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវលេខ ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២។
៤-ឈ្មោះ នួន សុភត្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។
៥-ឈ្មោះ ប្រាក់ សុភាព ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ៦៦E៤ ផ្លូវលេខ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ។ជនសង្ស័យទាំង៥នាក់ខាងលើដែលត្រូវបានឃាត់ខ្លួននោះ បាននាំទៅនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕