ពាណិជ្ជករប្រេងឥន្ធនៈ ក្នុងប្រទេស ម៉ុងហ្គោលី ដាក់កម្រិតលើការលក់ប្រេងឥន្ធនៈ AI-92 និង AI-95 ដោយផ្តល់ជូនតែអតិថិជន ឬអ្នកម៉ៅការដែលមានកាតក្រុមហ៊ុនរបស់ពួកគេតែប៉ុន្នោះ។ ការកង្វះប្រេងឥន្ធនៈនេះគឺ មានរយៈពេលពីរខែមកហើយ ចាប់ពីខែសីហាឆ្នាំ ២០២១ មកម៉្លេះ ។ អ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈមិនបានផ្គត់ផ្គង់ប្រេងឥន្ធនៈ អោយអ្នកបញ្ជាទិញតាមការគ្រោងទុកដោយសារតែការពន្យារពេលរបស់រោងចក្ររុស្ស៊ី។ ក្នុងនោះប្រេងឥន្ធនៈក៏ត្រូវបានបញ្ជាទិញពីរោងចក្រចិនផងដែរ ប៉ុន្តែការផ្គត់ផ្គង់ត្រូវបានពន្យារពេលយ៉ាងខ្លាំងដោយសារបទបញ្ជា និងច្បាប់ដឹកជញ្ជូនទំនិញតាមផ្លូវដែក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន A24។
ប្រជាពលរដ្ឋ ម៉ុងហ្គោលី ម្នាក់បាននិយាយថា “ ខ្ញុំបានឈរនៅទីនេះ ៣០ នាទីហើយដើម្បីទិញប្រេងឥន្ធនៈ។ មានឡាន ៥៦គ្រឿង នៅពីមុខខ្ញុំ ។ មានរថយន្ត តម្រង់ជួរក្នុងទិសដៅផ្ទុយហើយប៉ូលីសបានបំបែកពួកគេដើម្បីអាចធ្វើដំណើរទៅម្ខាងទៀត។ រីឯពាណិជ្ជករលក់ប្រេងឥន្ធនៈ បានបញ្ជាក់ថា “ ទោះបីខ្ញុំចង់លក់ប្រេងឥន្ធនៈ សម្រាប់តែមនុស្សដែលមានកាតក៏ដោយ ក៏មិនអាចមានគ្រប់គ្រាន់ដែរ ពីព្រោះយើងមិនមានវាគ្រប់គ្រាន់ទេ។ ប្រសិនបើយើងមានប្រេងឥន្ធនៈ ជាការពិតយើងនឹងលក់វាអោយបានគ្រប់ៗគ្នា។ ខ្ញុំដឹងថាពួកគេមានការខកចិត្តយ៉ាងខ្លាំង ពួកគេខឹងយើង វាក៏ពិបាកសម្រាប់យើង ដែលគ្មានប្រេងឥន្ធនៈគ្រប់គ្រាន់លក់អោយពួកគេ ។