បាងកក៖ នៅក្នុងប្រទេសថៃរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៦៦៦នាក់ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ដែលបានចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៤,៣៦២ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣០៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៩០នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៩,២៤៥នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ។
បើទោះបីករណីឆ្លងនេះនៅច្រើននៅឡើយប៉ុន្តែត្រូវបានគេមើលឃើញថាជាលើកដំបូងហើយ ដែលប្រទេសថៃអាចមើលឃើញ អត្រាធ្លាក់ចុះវិញនៃករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ មកនៅក្រោម ១៥,០០០នាក់ និងអ្នកស្លាប់ក្រោម ២០០នាក់ នៅក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនេះថៃក៏បានប្រកាសពីការដកវិធានការរឹតត្បិតខ្លះ ចេញពីទីក្រុងបាងកក និងខេត្តមួយចំនួនផងដែរ ចាប់ពីដើមខែកញ្ញា ខាងមុខនេះតទៅ ដើម្បីសម្រួលដល់ដំណើរការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ ។
សូមជម្រាបថា រហូតមកទល់ពេលនេះករណីឆ្លងជំងឺកូវីដ-១៩សរុបនៅទូទាំងប្រទេសថៃមានចំនួន ១,២៤,៧២៩ករណី ក្នុងនោះមានអ្នកស្លាប់ ១១,៥៨៩នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,០២១,៧៤៧២នាក់ ៕