បាងកក៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសពីភាពអាសន្ន នៃបញ្ហាកង្វះគ្រែសម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យនានា និងកន្លែងសម្រាប់ធ្វើចត្តាឡីស័កនៅទីក្រុងបាងកក ខណៈចំនួនករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ មានការហក់ឡើងខ្លាំងគួរឲ្យព្រួយបារម្ភ ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក Somsak Akkasilp អគ្គនាយក នៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ត នៃក្រសួងសុខាភិបាលថៃបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ខ្ញុំនិយាយដោយត្រង់ទៅ យើងមិនមានគ្រែគ្រប់គ្រាន់នៅក្នុងមន្ទីរពេទ្យ (សម្រាប់អ្នកជំងឺកូវីដ១៩)ទេ» ។ ខណៈកាលពីពេលកន្លងទៅថ្មីៗកន្លងទៅនេះប្រជាពលរដ្ឋដែលជាអ្នកជំងឺកូវីដ-១៩ មកពីតាមបណ្តាខេត្ត Nakhon Rachasima, Sisakaet, Ubon Rachthani, Yak Sothorn និងSurin ឲ្យត្រឡប់ទៅព្យាបាលតាមផ្ទះវិញ ។
សូមជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះការកត់ត្រានូវករណីឆ្លងសរុបនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ៥៦១,០៣០ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៥៦២នាក់ និងអ្នកជាសះស្បើយ ៣៧០,៤៧២នាក់។ ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បើគិតត្រឹមចុងសប្តាហ៍មុននេះ ទើបតែសម្រចបាន ១៦លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ៣.៦៥លាននាក់ (៥.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស ៕