បាងកក៖ ករណីឆ្លងជំងឺកូវីដ-១៩ថ្មីៗកើនឡើងរហូតដល់ទៅចំនួន ១៦,៥៣៣ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀតរបស់ប្រទេសថៃ ។ នេះបើយោងតាមក្រសួងសុខាភិបាលថៃនៅទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ។
ក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៦,៣៣១ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២០២ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៣៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១០,០៥១នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ។
សូមជម្រាបថា ករណីឆ្លងសរុបនៅក្នុងប្រទេសថៃរហូតដល់ពេលនេះមានចំនួន ៥៤៣,៣៦១ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៣៩៧នាក់ និងអ្នកជាសះស្បើយ ៣៦០,៦៩៤នាក់ ចំពោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩វិញបើគិតត្រឹមចុងសប្តាហ៍មុននេះ ទើបតែសម្រចបាន ១៦លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ៣.៦៥លាននាក់ដែលបានចាក់គ្រប់ដូសតាមការកំណត់ ៕