ថៃ៖ កំណើននៃអត្រាឆ្លងជំងឺកូវីដ-១៩យ៉ាងគំហុកនៅក្នុងប្រទេសថៃដែលរហូតដល់ពេលនេះស្ទើរតែរកកន្លែងដាក់អ្នកជំងឺសម្រាកព្យាបាលគ្មានទៅហើយដោយគេសង្កេតឃើញមានប្រជាជនថៃ មិនតិចនាក់ទេដែលត្រូវរង់ចាំនៅតាមដងផ្លូវដើម្បីទទួលបានកន្លែងសម្រាប់សម្រាកព្យាបាល ។
ទិដ្ឋភាពនេះបានកើតឡើងកាលពីពេលថ្មីៗនេះដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានបរទេសមួយចំនួនបន្ទាប់ពីប្រទេសអាស៊ីមួយនេះធ្លាក់ចូលក្នុងវិបត្តិនៃការឆ្លងរីករាលដាលខ្លាំងជាបន្តបន្តាប់រហូតរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចាន់អូចា បានសម្រេចឲ្យបិទខ្ទប់ទីក្រុងបាងកក និង ខេត្តនៅជុំវីញ ក្រោយពីករណីភាគច្រើន ផ្ទុះឆ្លងចេញពីកន្លែងផឹកស៊ីរាំច្រៀង នៅក្នុងទីក្រុងបាងកក ដែលជាទីក្រុងដ៏មមាញឹកមួយរបស់ថៃ ។
សូមជម្រាបថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩របស់ប្រទេសថៃ CCSA នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីៗចំនួន ៩,១៨៦កណីបន្ថែម ក្នុងរយៈពេល ២៤ម៉ោងតែប៉ុណ្ណោះ ។ បើគិតត្រឹមថ្ងៃម្សិលម៉ិញនេះប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៧២,២១៥ករណី ក្នុងនោះមានអ្នកស្លាប់ ៣,០៣២នាក់ និងអ្នកជាសះស្បើយ ២៦៦,១២៧នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ គឺថៃសម្រេចបាន ១៣.៥៣លានដូសហើយ ៕