ភ្នំពេញ៖ ឃើញហើយសែនខ្លោចចិត្តណាស់ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់ជួលដោយ ជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយព្រោះគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៩ និង១៥ នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចមុខវត្តកំពែង ក្នុងភូមិត្រពាំងល្វា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមបុរសជាប្តីរបស់ស្ត្រីខាងលើនេះបានឲ្យដឹងថា សពមានឈ្មោះ អឹម សាវឿន ភេទស្រី អាយុ ៤៦ ឆ្នាំមុខរបររើសអេតចាយ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង ។ សពស្រ្តីជាប្រពន្ធរបស់គាត់ មានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ដោយពួកគាត់មិនមានថវិកាគ្រប់គ្រាន់ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ ពីព្រោះ របរចិញ្ចឹមជីវិតរាល់ថ្ងៃជាអ្នកដើររើសអេតចាយរកមួយថ្ងៃហូបមួយថ្ងៃ និងត្រូវចំណាយលើថ្លៃផ្ទះជួលថែមទៀត ។ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរខ្លាំងប្រពន្ធរបស់គាត់ បានដាច់ខ្យល់ស្លាប់នៅក្នុងបន្ទប់ជួល បន្ទាប់មកពួកគាត់បានលើកសពស្រ្តីជាប្រពន្ធមកវត្តកំពែង ដើម្បីសុំឲ្យព្រះសង្ឃជួយបូជា និងរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យកន្លែងកើតហេតុភ្លាមៗ ។
ភ្លាមៗនោះលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យបានចុះមកដល់ទីតាំងខាងលើ និងបានទំនាក់ទំនង ទៅក្រុមគ្រូពេទ្យឲ្យចុះមកយកសំណាក ដើម្បីរកមេរោគកូវីដ១៩ បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យរួចឃើញថាសពស្រ្តីខាងលើអវិជ្ជមានបន្ទាប់មកក៏ឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារ យកសពបូជាតាមប្រពៃណី ៕