អ៊ីរ៉ាក់៖ មនុស្សយ៉ាងហោចណាស់មានចំនួនជាង៥០នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងប្រមាណ៦៧ នាក់ផ្សេងទៀតបានរងរបួសដោយសារគ្រោះអគ្គីភ័យមួយដែលត្រូវបានគេសង្ស័យថាអាចបណ្តាលមកពីផ្ទុះធុងអុកស៊ីហ្សែននៅក្នុងមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ Al-Hussein នៅខាងត្បូងក្រុង Nassiriya ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។
ពាក់ព័ន្ធករណីនេះលោក Mustafa al-Kadhimi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយនឹងគណៈរដ្ឋមន្ត្រីជាន់ខ្ពស់ដើម្បីចាត់វិធានការបន្ទាន់រកដំណោះស្រាយលើបញ្ហានេះ ។ ជាមួយគ្នានេះលោក Mustafa al-Kadhimi បានប្រកាសបញ្ចប់តំណែង និងធ្វើការឃាត់ខ្លួនប្រធានផ្នែកសុខាភិបាល និងការពារស៊ីវិលក្នុងក្រុង Nassiriya ។
សូមជម្រាបថា អ៊ីរ៉ាក់ជាប្រទេសមួយដែលកំពុងរងនូវទណ្ឌកម្មដោយសារសង្គ្រាម មិនតែប៉ុណ្ណោះប្រទេសនេះក៏កំពុងជួបប្រទះនូវបញ្ហាប្រព័ន្ធសុខាភិបាលលើការទប់ស្កាត់ជំងឺកូវីដ-១៩ដែលកំពុងតែរាត្បាតខ្លាំងផងដែរ ដែលរហូតមកដល់ពេលនេះប្រទេសនេះមានករណីឆ្លងសរុបប្រមាណជាង១.៤លាននាក់បានឆ្លង និងពលរដ្ឋចំនួន១៧ ៥៩២ នាក់ ៕