ហាណូយ៖ ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅប្រទេសវៀតណាមបានហក់ខ្ពស់ឡើងៗយ៉ាងគំហុកក្នុងមួយរយៈពេចុងក្រោយនេះ ដែលធ្វើឲ្យអាជ្ញាធរមានការព្រួយបារម្ភខ្លាំងបំផុតរហូតដល់អាជ្ញាធរពិបាកទប់ទល់នឹងស្ថានការណ៍បានសម្រេចបិទខ្ទប់ទីក្រុងហុជីម៉ិញដើម្បីកាត់ផ្តាច់ការចម្លងថ្មីៗបន្ថែមទៀត ។
បើតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាមបានចេញផ្សាយយប់ម៉ិញនេះថា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូដល់១,៣១៤ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៧នាក់ជាករណីឆ្លងនាំចូលពីក្រៅប្រទេស និង១,៣០៧នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយទីក្រុងហូជីមិញតែឯងរាប់រងចំនួន ៩១៥ករណី។ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២៤,៣៨៥នាក់ ក្នុងនោះស្លាប់១០៥នាក់ និងជាសះស្បើយ ៨,៩៥០ ។
សូមជម្រាបថា ដើម្បីទប់ទល់នឹងស្ថានការណ៍នេះទីក្រុងហូជីមិញ ដែលមានមនុស្សរស់នៅច្រើនបំផុត ត្រូវបានអាជ្ញាធរវៀតណាមសម្រេចអនុវត្តវិធានការបិទខ្ទប់ (lockdown) ចាប់ពីវេលារំលងអធ្រាត្រឈានចូលថ្ងៃសុក្រសប្តាហ៍នេះទៅ ប្រជាជនវៀតណាមសរុបប្រមាណ ៩លាននាក់ ដែលរស់នៅក្នុងទីក្រុងហូជីមិញ នឹងត្រូវស្ថិតក្រោមការកំណត់ មិនឲ្យចាកចេញពីលំនៅឋានឡើយ លើកលែងតែករណីចាំបាច់បន្ទាន់មួយចំនួន សម្រាប់រយៈពេលចំនួន ២សប្តាហ៍ ៕