ហាណូយ៖ ទីក្រុងហូជីមិញ ដែលមានមនុស្សរស់នៅច្រើនបំផុត ត្រូវបានអាជ្ញាធរវៀតណាមសម្រេចអនុវត្តវិធានការបិទខ្ទប់ (lockdown) បន្ទាប់ពីផ្ទុះការឆ្លងរាតត្បាតនៃជំងឺជំងឺកូវីដ-១៩ រហូតស្ថិតនៅក្នុងកម្រិតមួយដែលពិបាកក្នុងការគ្រប់គ្រងបានធ្វើឲ្យប្រជាពលរដ្ឋស្លន់ស្លោឆោឡោនាំគ្នាទៅទិញគ្រឿងម្ហូបអាហារ និងសម្ភារៈចាំបាច់មួយចំនួនសម្រាប់ត្រៀមទុកក្នុងរយៈពេលនៃការអនុវត្តវិធានការរបស់អាជ្ញាធរនេះ ។
បើតាមអាជ្ញធរវៀតណាមបានឲ្យដឹងថា វិធានការបិទខ្ទប់អនុវត្តចាប់ពីវេលារំលងអធ្រាត្រឈានចូលថ្ងៃសុក្រសប្តាហ៍នេះទៅ ប្រជាជនវៀតណាមសរុបប្រមាណ ៩លាននាក់ ដែលរស់នៅក្នុងទីក្រុងហូជីមិញ នឹងត្រូវស្ថិតក្រោមការកំណត់ មិនឲ្យចាកចេញពីលំនៅឋានឡើយ លើកលែងតែករណីចាំបាច់បន្ទាន់មួយចំនួន សម្រាប់រយៈពេលចំនួន ២សប្តាហ៍ បន្ទាប់ពីករណីឆ្លងជំងឹកូវីដ-១៩ សរុប៨,០០០ករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងនេះដែលកំពុងរាលដាលនៅវៀតណាម ។
ព័ត៌មានក្នុងស្រុកវៀតណាមបានឲ្យដឹងថា មកទល់ពេលនេះ ខេត្ត-ក្រុងចំនួន ១០របស់វៀតណាម បានផ្អាកបណ្តាញតភ្ជាប់ផ្លូវអាកាសរបស់ពួកគេជាមួយ ទីក្រុងហូជីមិញ ហើយកាលពីថ្ងៃពុធសប្តាហ៍នេះ មានសេចក្តីរាយការណ៍ថា ប្រជាជនបាននាំគ្នាសម្រុកទិញរបស់របរស្តុកទុក ស្របពេលផ្សារលក់ទំនិញបោះដុំធំៗចំនួន ៣ នៅហូជីមិញត្រូវបិទទ្វារ ៕