បាងកក៖ ប្រទេសចំនួន៤ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនរាប់លាននាក់កំពុងប្រឈមមុខនឹង គ្រោះទឹកជំនន់ដ៏គ្រោះថ្នាក់ ដែលបង្កឡើងដោយការកើនឡើងកម្រិតទឹកសមុទ្រ ។ នេះបើយោង តាមការសិក្សាស្រាវជ្រាវថ្មីមួយតាមរយៈរូបភាពផ្កាយរណបដែលត្រូវបានដកស្រង់ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ។
វិទ្យាស្ថានស្រាវជ្រាវ Deltares ដែលមានមូលដ្ឋាននៅក្នុងប្រទេសហូឡង់ បានសិក្សារស្រាវជ្រាវតាម រយៈផ្កាយរណបបានឲ្យដឹងថាបណ្ដាប្រទេសនៅតំបន់ទំនាប ដែលងាយរងគ្រោះជាងគេ ដោយសារតែការកើនឡើងកម្រិតទឹកសមុទ្រ និងការលិចលង់ ដោយសារទឹកជំនន់ក្នុងនោះរួមមាន ឥណ្ឌូណេស៊ី, ថៃ, វៀតណាម និងហ្វីលីពីន ។ ប្រជាជននៃបណ្ដាប្រទេសទាំងនេះ អាចនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់នៃ ការកើនឡើងកម្រិតទឹកសមុទ្រជាប្រចាំឆ្នាំ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ កំពុងឈានទៅរកស្ថានភាពកាន់តែអាក្រក់ ពីមួយឆ្នាំទៅមួយឆ្នាំ ។
ប្រភពខាងលើនេះបានបញ្ជាក់ថា បច្ចុប្បន្នប្រជាជនប្រមាណ១៥៧លាននាក់នៅតំបន់អាស៊ី-ត្រូពិច កំពុងរស់នៅតាមតំបន់ដែលមានកម្ពស់ប្រមាណជាង ២ម៉ែត្រប៉ុណ្ណោះពីនីវ៉ូទឹកសមុទ្រ ដែលងាយនឹង រងការជនលិចបំផុតនៅតាមតំបន់ដីសណ្ដរ ៕