ហ្សាការតា៖ រលក់នៃជំងឺកូវីដ-១៩កំពុងបក់បោកគ្រប់សង្កត់លើប្រទេសឥណ្ឌូនេស៊ីនកាន់តែធ្ងន់ខ្លាំងឡើងហើយដោយសារអត្រាឆ្លងក្នុងរយៈពេលមួយថ្ងៃៗហក់ឡើងខ្លាំង និងចំនួនអ្នកស្លាប់ក៏កើនឡើងខ្លាំង ធ្វើឲ្យរដ្ឋាភិបាលព្រួយបារម្ភជាខ្លាំង ដោយកំពុងចាត់វិធានការត្រៀមទប់ទល់ប្រយុទ្ធប្រឆាំងសពបែបយ៉ាង ។ នេះបើយោងតាមសារព័ត៌មាន CNA ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ។
គិតត្រឹមព្រឹកថ្ងៃសុក្រនេះករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេសឥណ្ឌូណេស៊ីមានចំនួន ២,០៥៣,៩៩៥នាក់ ក្នុងនោះស្លាប់ ៥៥,៩៤៩នាក់។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ករណីឆ្លងប្រចាំថ្ងៃបានបំបែកកំណត់ត្រាថ្មីមួយទៀតគឺ ២០,៥៧៤នាក់ ដោយក្នុងនោះ ៧,៥០៥នាក់នៅទីក្រុងហ្សាការតា ។
ទន្ទឹមនឹងនេះរដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោកBudi Gunadi Sadikin នៅថ្ងៃនេះបានប្រាប់ឲ្យដឹងថាមន្ទីរពេទ្យនិងគ្រែអ្នកជំងឺ កំពុងត្រូវរៀបចំបន្ថែមទៀតនៅរដ្ឋធានីហ្សាការតា ដើម្បីទប់ទល់នឹងការស្ទុះឡើងជាថ្មីនៃករណីឆ្លងជំងឺ COVID-19 ហើយទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តីបានធានាអះអាងចំពោះប្រជាជនឥណ្ឌូណេស៉ីថា អុកស៊ីហ្សែនគឺមានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ ។ ជាមួយគ្នានេះមន្ទីរពេទ្យធំៗចំនួន ០៣កន្លែង នៅក្នុងទីក្រុងហ្សាការតា នឹងត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យព្យាបាល COVID-19 ទាំងស្រុង។ ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏កំពុងរៀបចំកន្លែងព្យាបាលបណ្តោះអាសន្នថ្មីៗបន្ថែមទៀតផងដែរ ។
រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ីបញ្ជាក់ថានៅទូទាំងប្រទេសឥណ្ឌូណេស៊ី មានគ្រែពេទ្យ ៨៥,០០០គ្រែ ដោយមិនទាន់គិតការត្រៀមបន្ថែមគ្រែ និងកន្លែងព្យាបាលថ្មីៗ ក្នុងទីក្រុងហ្សាការតានៅឡើយទេ ហើយបច្ចុប្បន្នប្រមាណជា ២៥,០០០គ្រែនៅទំនេរ។ ពាក់ព័ន្ធនឹងអុកស៊ីហ្សែន លោក Sadikin បាននិយាយថា វាមានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ដល់វិស័យសុខាភិបាល ៕